ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ដំណើរការ នៃការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដានមើលរបស់អ្នក សង្កេតការណ៍ និងអ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ កុម្ភៈបញ្ជាក់ថា ដំណើរការប្រឡងវិញ្ញាសាសំណេរ បានប្រព្រឹត្តទៅ នាសម័យប្រឡងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានបេក្ខជនប្រឡងចំនួន ១,៧៤៦នាក់ និង បេក្ខជនអវត្តមាន១៤៦នាក់ (ស្រី៤៦នាក់) ហើយដំណើរការកែសន្លឹកកិច្ចការ បានប្រព្រឹត្តទៅនៅមណ្ឌល កំណែសាលាភូមិន្ទរដ្ឋបាល ចាប់ពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

សម្រាប់ការប្រឡងវិញ្ញាសាអនុវត្តន៍កីឡា បានចាប់ផ្ដើមពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយមានបេក្ខជន ប្រឡងចំនួន ១៧២៤ នាក់ និងបេក្ខជនអវត្តមាន១៦៨ នាក់ (ស្រី៥៣នាក់) ។

គណៈកម្មការ បានបូកស្រង់ពិន្ទុ ដោយធ្វើការរៀបលំដាប់ពិន្ទុពីធំ ទៅតូច និងតាមទីកន្លែងបំពេញការងារ ដែលបេក្ខជនបានជ្រើសរើស នៅពេលដាក់ពាក្យប្រឡងប្រជែង ។ លទ្ធផលបេក្ខជនជាប់ជាស្ថាពរ ១០០នាក់ ដោយក្នុងចំណោមនោះ៖ កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន៧៥នាក់ (ស្ត្រី៧នាក់) បែងចែកក្នុងខេត្ត ចំនួន២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យ ៥៤ទីតាំង និងកម្រិតបណ្តុះបណ្ដាល ១២+៤ ចំនួន ២៥ នាក់ ( ស្ត្រីម្នាក់) បែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យាល័យ១០ទីតាំង។

បេក្ខជន១០០នាក់ ដែលបានជ្រើសរើស គឺសម្រាប់ខេត្តគោលដៅចំនួន២១ ។ គណៈកម្មការ ក៏បានជ្រើសរើសបេក្ខជនជាប់បម្រុងចំនួន១០នាក់ ក្នុង១ខេត្ត លើកលែងខេត្តមណ្ឌលគិរី មានបេក្ខជនជាប់បម្រុង ចំនួន៦នាក់ និងខេត្តស្ទឹងត្រែងចំនួន៨នាក់។
ការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជាការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការតាមប្រព័ន្ធប្រឡងប្រជែងថ្មី ដែលជាវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីធានាបានការផ្ដល់ឱកាសស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ក្នុងការចូលរួមប្រឡងប្រជែងក្លាយ ខ្លួនជាមន្ត្រីរាជការបម្រើប្រទេសជាតិ និងប្រជាជន៕
