ភ្នំពេញ ៖ ស្នងការ នគរបាលរាជធានីភ្នំពេញ អំពាវនាឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកាចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច ចំពោះករណី ចោទប្រកាន់បានបង់ប្រាក់ តាម ABAចំនួន ២០ដុល្លាទៅឱ្យមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចស្តុបក្ដាន់ពីរ ក្នុងអំឡុងស្រ្តីរូបនេះជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ ខណៈមន្រ្តី នគរបាលចរាចរណ៍ និងជនស៊ីវិលដែលរងការចោទប្រកាន់ ត្រូវបានសមត្ថកិច្ចជំនាញ កោះហៅចូលខ្លួនមកបំភ្លឺ រួចរាល់ហើយ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា បានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍ ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹង នគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ ។
ជុំវិញការចោទប្រកាន់នេះ ស្នងការនគរបាល រាជធានីភ្នំពេញសូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។
ប្រភពដដែល បញ្ជាក់ថា «ដោយឡែកចំពោះមន្ត្រី នគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញ បានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ រួចហើយ»៕