ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពិភាក្សាផ្តោតលើការគាំទ្រវិស័យសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៦ កុម្ភៈ បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ គាំទ្រក្នុងវិស័យសុខាភិបាល។

ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ ក៏ដូចជាបានអបអរសាទរជូនដល់លោកស្រីវេជ្ជបណ្ឌិត ដែលត្រូវបានជ្រើសតាំងក្នុងមុខដំណែង ជាតំណាងថ្មីរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីស្ថានភាពសុខាភិបាលនៅកម្ពុជា ក៏ដូចជាពីសមិទ្ធផលសុខាភិបាលទាំងឡាយក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក ។

ជាមួយគ្នានេះ​ សាស្ត្រាចារ្យក៏បានលើកពីចំណុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការបង្ការជាមុនបញ្ហាជំងឺផ្សេង , (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លងទាំងជំងឺ Covid-19 ក៏ដូចជាជំងឺថ្មីៗ ដែលនឹងអាចកើតមាន , (៣) កាប្រយុទ្ធប្រឆាំង និងបង្ការជំងឺរាតត្បាតជាសកល , (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម (៥) ការប៉ះពាល់សុខភាព ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ , (៦) គម្រោងកិច្ចគាំពារសង្គម ជាពិសេសលើវិស័យសុខាភិបាល , (៧) យន្តការធានាគុណភាពសុខាភិបាល និងនិយ័តកម្មសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជន , (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងទី (៩) ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។

ចំណែកលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Triasវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាការសម្តែងការអបអរសាទរ និងជូនពរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងអំពី ប្រវត្តិនៃអង្គការសុខភាពពិភពលោក ក៏ដូចជាការចូលរួមចំណែក ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WHO និងក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀត លោកស្រីវេជ្ជបណ្ឌិត បានជម្រាបជូនដោយផ្តោតលើ WHO’s Fourteenth General Program of Work 2025-2028 និងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-WHO (Country Cooperation Strategic 2024-2028) ដែលពិតជាមានចំណុចបន្ស៊ីគ្នាយ៉ាងល្អប្រសើរ បញ្ជាក់ពីកត្តាជោគជ័យក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការភាពជាដៃគូសំដៅឆ្ពោះទៅរកគោលដៅដែលបានកំណត់ទុករួមគ្នាក្នុង គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់កម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងបន្តនូវអំណរគុណអង្គការសុខភាពពិភពលោកដែលមានកិច្ចសហប្រតិបត្តិការជិតស្និតកន្លងមក និងសំណូមពរឲ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល ៕

To Top