ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ ពីសំណាក់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងថា បានដាក់កាមេរ៉ា នៅផ្ទះរបស់លោក ។
ការបដិសេធនេះ បន្ទាប់ពីលោកទាវ វណ្ណុល និយាយនៅក្នុងបណ្តាញសារព័ត៌មានមួយចំនួនថា រាជរដ្ឋាភិបាល បានដាក់កាមេរ៉ានៅផ្ទះលោក ដើម្បីតាមដានសកម្មភាព២៤លើ២៤ ខណៈលោកកំពុងទស្សនកិច្ចនៅជប៉ុន ។
សេចក្តីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលនាថ្ងៃ៧ កុម្ភៈក៏បានច្រានចោល ចំពោះការចោទប្រកាន់ទាំងឡាយណា របស់មេបក្សភ្លើងទៀនរូបនេះ ដោយបញ្ជាក់ថា “គ្មានការដាក់កាមេរ៉ាឃ្លាំមើល សកម្មភាព លោកទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់ របស់គាត់ឡើយ ។ កាមេរ៉ានានា ដែលត្រូវបានបំពាក់នៅ តាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមហេតុផលសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ា ដោយឡែកដើម្បីឃ្លាំមើលសកម្មភាព របស់បុគ្គលណាមួយនោះឡើយ” ។
ប្រភពឲ្យដឹងទៀតថា ការលើកឡើងរបស់ទាវ វណ្ណុលនេះ ពិតជាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈការបោះឆ្នោតព្រឹទ្ធសភា កាន់តែខិតជិតចូល ដល់ហើយក៏ជាការសម្តែងរបស់ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។
អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល សង្កត់ធ្ងន់ថានេះជាភស្តុតាងមួយដែលបញ្ជាក់ ពីការបញ្ចេញមតិដោយរំលោភ បំពានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អ្នកដទៃដែលច្បាប់ធម្មនុញ្ញ បានហាមឃាត់៕