ព័ត៌មានជាតិ

ក្នុងដំណើរទស្សនកិច្ចនៅថៃ របស់នាយករដ្ឋមន្រ្តីកម្ពុជា គ្មាននិយាយដល់តំបន់ត្រួតស៊ីគ្នាទេ

ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ គឺគ្មានបាននិយាយដល់តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនោះទេ ។

​តំបន់​ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់​ លោក​​ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពី​យុទ្ធសាស្ត្រចរចាជាមួយកម្ពុជាផងដែរ។

តំបន់ត្រួតស៊ីគ្នា​នៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីនោះទេ។ តំបន់​ទាមទារ​ត្រួតស៊ីគ្នា ​​មាន​ទំហំ ២៦,០០០ គីឡូម៉ែត្រ​ការ៉េដែល​​ប៉ាន់​ប្រមាណ ​​អាច​ស្តុក​ទុក​ប្រេងនិង​ឧស្ម័ន​រហូត​ដល់៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ និង​ដោយ​ត្រូវការពេលយ៉ាងហោចណាស់​៨ឆ្នាំ ក្នុងការ​ទាញយក​ធនធានធម្មជាតិចេញ​ពីឈូងសមុទ្រ។

សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារ ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ជាចំណុចនៃជម្លោះរវាងថៃ-កម្ពុជា បានទាមទារតាំងពីដើមទសវត្ស១៩៧០មក​។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា ​លើអនុស្សាររណៈ​យោគយល់​​ កិច្ចចរចា​អភិវឌ្ឍ​ប្រេងនិងឧស្ម័ននៅតំបន់នោះ តាំង​ពី​ខែមិថុនា​ឆ្នាំ​២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុង អន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ​២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់​គូសវាសឡើងវិញ​ដែរ តែត្រូវ​បង្អាក់ដោយសារវិបត្តិ​ជំងឺកូវីដ​១៩ កាលពីចុងឆ្នាំ​២០១៩៕

To Top