ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់លោកសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀត លើវិស័យជាច្រើន ដែលជាប្រយោជន៍រួម នៃប្រទេសទាំងពីរ ។
ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកឡើងអំពីលទ្ធផល នៃជំនួបជាមួយ នាយករដ្ឋមន្រ្តីថៃ ជាពិសេសការតំឡើងកម្រិត នៃទំនាក់ទំនងពី “ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ។
ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀត លើវិស័យជាច្រើន ដែលជាប្រយោជន៍រួម នៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន” ។
ក្នុងនោះដែរ សម្ដេចបានរំឭក អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ ខណៈប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ទន្ទឹមនឹងនេះលោកប្រធានព្រឹទ្ធសភា ក៏បានសម្ដែងនូវសេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានផ្តាំផ្ញើ នូវសាកសួរសុខទុក្ខជូន សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕