ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែកុម្ភៈដែលមានការអមដំណើរ ដោយលោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូជាមួយក្រសួងដើម្បីជួយវិស័យសុខាភិបាលទៀត។
លោកស្រីនាយិកា មានប្រសាសន៍បញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ (HSP4) ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀត តាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា និងបន្តជួយក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
លោកស្រីនាយិកា ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលបានបង្ហាញអំពីសមត្ថភាព ភាពឈ្លាសវៃ និងភាពរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលនេះ ដែលអត្រាប្រជាជនកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជាពិសេស លោកស្រីវេជ្ជបណ្ឌិត Mandy Cohen និងតាមរយៈឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិក តាមរយៈការផ្តល់ ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល និងរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមាន ភាពធន់ និងរឹងមាំនៅប្រទេសកម្ពុជា ជាច្រើននាពេលកន្លងមក ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ យ៉ាងជិតស្និតរវាងក្រសួងសុខាភិបាល កម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(US-CDC) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺរបេង ជំងឺគ្រុនចាញ់ គ្រុនផ្តាសាយបក្សី និងការគាំទ្រមន្ទីរពិសោធន៍ជាតិ និងមន្ទីរពិសោធន៍បណ្តុះមេរោគ គ្រប់គ្រងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ និងការចូលរួមការពារសន្តិសុខសុខភាពសកល បន្ទាប់ពីបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ៕