ព័ត៌មានជាតិ

ប្រធានាធិបតីវៀតណាម សម្រេចបន្ថយទោសប្រហារជីវិតដល់អ្នកទោស២៣នាក់ ឱ្យមកជាប់គុកអស់មួយជីវិត

រូបភាពពី៖​ VN Express

បរទេស៖ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានចុះហត្ថលេខាលើសេចក្តីសម្រេច ដោយកាត់បន្ថយទោសប្រហារជីវិត ដោយមកត្រឹមដាក់ពន្ធនាគារអស់មួយជីវិត ចំពោះទណ្ឌិត៥នាក់។ ប្រធានាធិបតីវៀតណាម កាលពីចុងខែធ្នូ ក៏បានសម្រេចកាត់បន្ថយទោសប្រហារជីវិត មកត្រឹមឱ្យជាប់គុកអស់មួយជីវិតសម្រាប់មនុស្ស១៨នាក់ផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែកុម្ភៈ តាមអនុសាសន៍របស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល, អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល និងប្រធានការិយាល័យប្រធានាធិបតី ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់។

យោងតាមការិយាល័យប្រធានាធិបតីបានឱ្យដឹងថា តាមរយៈការកាត់បន្ថយការពិន័យសម្រាប់បុគ្គលដែលការកាត់ទោសបានចូលជាធរមានរួចហើយ ទង្វើរបស់ប្រធានាធិបតីបង្ហាញពីគោលនយោបាយមេត្តាករុណារបស់បក្ស និងរដ្ឋ ចំពោះអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ។ វាជាផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរស់នៅ ប្រែចិត្ត និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្មទៅក្នុងសង្គមឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top