ព័ត៌មានជាតិ

ក្រសួង បន្ដក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញជំងឺអុតស្វា ករណីទី៦

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោយរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើមជំងឺអុតស្វា) ករណីទី៦។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ កុម្ភៈ បញ្ជាក់​ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន ១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអ៊ឹមផកដែលបានរកឃើញចំនួន ៦ករណី។

ក្រសួងសុខាភិបាល គូសបញ្ជាក់ថា «សូមអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់​ ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអ៊ឹមផក ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា»

សូមរំលឹកថា របៀបចម្លង៖ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិង ការប៉ះពាល់ ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ ដែលប្រឡាក់ប្រឡូស ជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអ៊ឹមផក៕

To Top