ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជាង ១៩ម៉ឺនដុល្លារ សម្រាប់ផ្តល់ឧបករណ៍ដល់មជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាងសង់អគារថ្មី នៅមណ្ឌលសុខភាពនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី៨ កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ ដើម្បីអនុវត្តគម្រោងខាងក្រោម៖

១- គម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ថវិកាចំនួន ៧១,១៣៧ ដុល្លារអាមេរិក។ ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប។ ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន ១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តសៀមរាប។

២- គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ ថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិក។ ស្ថាប័នទទួលជំនួយ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ។ ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់ក្នុងការសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។

ក្នុងពិធីនេះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា លោកឯកអគ្គរាជទូត ក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ។

សូមរំលឹកថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៩គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

To Top