ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖​ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន ទាមទារការចូលរួមយ៉ាងសកម្ម ប្រកបដោយគុណភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មាន ពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀត នៅកម្ពុជា ជាកិច្ចការចាំបាច់ ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីរួមចំណែក លើកស្ទួយអាជីពសារព័ត៌មាន និងតម្លៃវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍សកម្មភាពជាផ្នែកមួយ នៃការកត់ត្រានូវរឿងរ៉ាវ ដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូល សម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀត ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យ ដល់ដំណោះស្រាយណាមួយ។

លោក ទេព អស្នារិទ្ធ គូសបញ្ជាក់ថា “កិច្ចការនេះចាំបាច់ទាមទារ ឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ អ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យពាក់ព័ន្ធ ដើម្បីពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ដោយត្រូវសហការផ្តល់ព័ត៌មាន ចូលរួមក្នុងដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់”។ នេះបើយោងតាមការលើកឡើង​ របស់អ្នកនាំពាក្យរូបនេះ តាមបណ្តាញសង្គមតេឡេក្រាម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ​ បានបន្ថែមទៀតថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ច តាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ ដែលជាអាទិភាព ស្ថិតនៅក្នុងក្របខណ្ឌរួម នៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា ហើយត្រូវបានលើកកម្ពស់ ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយ ទៅអាណត្តិមួយជារៀងរហូតមក។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ជាពិសេស ក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហា ក្នុងពេលបំពេញការងាររបស់ខ្លួន សម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ពោលគឺក្រសួងព័ត៌មានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ អង្គច្បាប់ និងអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអះអាងថា ជាក់ស្តែង ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទ របស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។ ទន្ទឹមនេះ ក្រសួងព័ត៌មានក៏បាន និងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាងនេះទៀត ក្រសួងបាន និងកំពុងលើកកម្ពស់ គុណភាពសារព័ត៌មាន តាមរយៈការពង្រឹងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ​ ក្នុងចំណោមអ្នកសារព័ត៌មាន ការបណ្តុះបណ្តាលសមត្ថភាព ដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួល សម្រាប់អ្នកសារព័ត៌មាន ក្នុងការចុះយកព័ត៌មាន និងអនុវត្តអាជីពរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងដោយវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការពង្រឹងអភិបាលកិច្ចល្អ ក្រសួងព័ត៌មានបាន និងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មានឲ្យស្របទៅនឹងការវិវត្ត និងភាពរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាឲ្យស្របនឹងនិន្នាការតំបន់ និងសកល សម្រាប់វិស័យព័ត៌មាន។ ទន្ទឹមនេះទៀតដែរ ក្រសួងព័ត៌មានបានអនុវត្ត ការលើកលែងពន្ធប៉ាតង់ សម្រាប់សារព័ត៌មានអនឡាញ ប្រភេទធុនតូចទាំងអស់ ដោយទទួលជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ទទួលបានការគាំពារផ្នែកសុខភាព តាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាកម្មជាមួយស្ថាប័នសុខភាព ដៃគូរបស់ក្រសួង។ ទាំងនេះសុទ្ធសឹងជាអាទិភាពចម្បងៗ ក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មានបាន និងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យវិស័យសារព័ត៌មានក្លាយជា វិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូល ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូច​ ដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួន ក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់ តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល និងលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ ក្នុងការរួមចំណែកដល់ការការពារ ថែរក្សាសុខសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕

To Top