ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃ១២ កុម្ភៈ ថា គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតមនុស្ស យ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិន ចុងសប្ដាហ៍នេះ ចាប់ពីថ្ងៃទី៩-១១ កុម្ភៈ ។
លោកថា ក្រៅពីបណ្ដាលឲ្យស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឲ្យមានមនុស្សរង របួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះ នៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
លោក ទូច សុឃៈ បញ្ជាក់ថា រយៈពេល៣ថ្ងៃនេះ ថ្ងៃកើតគ្រោះថ្នាក់ច្រើនជាងគេ គឺថ្ងៃ១១ កុម្ភៈ មានចំនួន១៤ករណី បណ្ដាលឲ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។
អ្នកនាំពាក្យរងបន្តទៀតថា បញ្ហាចរាចរណ៍ នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ ៕