ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ប្រាប់ទូតកម្ពុជានៅចិន ឲ្យផ្សព្វផ្សាយពីខ្មែរ ដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរចិន មកកាន់តែច្រើន

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានប្រាប់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចិន ថា ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និង ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន។

នាឱកាសអនុញ្ញាតឲ្យលោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីនៅចិន ចូលជួបទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញ បេសកកម្ម នាព្រឹកថ្ងៃ១២ កុម្ភៈ ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើលោកស្រីបណ្ឌិត ឯកអគ្គរាជទូត ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងប្រទេស ទាំង២ទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង ។

សម្ដេចបន្ដថា ដើម្បីសម្រេចគោលបំណងនេះ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អ ជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជនចិន ឲ្យបានល្អប្រសើរ ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅចិន ។

សម្តេចសាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដល់លោកស្រីថា ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី បានប្តេជ្ញានៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចការទូត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យបានសក្តិសមជា តំណាងកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងប្តេជ្ញាពង្រឹងពង្រីក ទំនាក់ទំនងសហប្រតិបត្តិការល្អ ប្រសើរជាមួយចិន ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតប្រទេសផ្សេងៗ និងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក ៕

To Top