ព័ត៌មានជាតិ

នាវាទេសចរណ៍អន្តរជាតិ នាំភ្ញៀវចម្រុះជាតិសាសន៍ ជាង៧០០នាក់ ចូលទស្សនាប្រទេសកម្ពុជា

រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND មួយគ្រឿង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ សរុបចំនួន ៧២៦នាក់ ចូលទស្សនា ប្រទេសកម្ពុជា។

យោងតាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានឱ្យដឹងថា នាវានេះមានប្រវែងបណ្តោយ ២២៣.៧៤ម៉ែត្រ ទទឹង៣១.០០ម៉ែត្រ ជម្រៅ ៧.០០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ៥៤៨នាក់ ស្រី ១១១នាក់ មាន៤៣សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន៧២៦នាក់ ស្រី៣៧៣នាក់ មាន២៩សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៤៨៣នាក់, កាណាដា ៦៦នាក់ និងចក្រភពអង់គ្លេស ៦៥នាក់) ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត ចំនួន ០៦នាក់ ស្រី ០៣នាក់ មាន ០១សញ្ជាតិ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩.៤០នាទី ឆ្ពោះទៅប្រទេសវៀតណាម ៕

To Top