ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យ គម្រោងនិងការដ្ឋាន ស្ថាបនាផ្លូវ ស្ពាន ជាច្រើនខ្សែ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង។
នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានការ ចូលរួមពីសំណាក់ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ផ្លូវនេះបានទទួលរងការខូចខាត ដោយសារបាក់ច្រាំងទន្លេប្រវែង ១២០ម៉ែត្រ ។ ដើម្បីការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយទៀត ដែលមានមានប្រវែង ១ ៥០០ម៉ែត្រ ដើម្បីជំនួសខ្សែផ្លូវដែលរងការខូចខាតនេះ ។
បន្ទាប់មក លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាស្ពានចំនួន ៣កន្លែងដូចខាងក្រោមនេះ ៖
ស្ពានទី ១ (ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣៨,១២ ម៉ែត្រ និងទទឹង ៨ ម៉ែត នៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ៨៥% ។
ស្ពានទី២ (ស្ពានព្រែកសណ្ដាយ) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៦%។
ស្ពានទី៣ (ស្ពានអុងជឺ) ស្ថិតលើផ្លូវ TK2 មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៤% ។
ស្ពានទាំង ៣កន្លែងនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។
គម្រោងស្ថាបនានេះ ស្ថិតក្នុងក្របខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
ដោយឡែក នៅក្នុងខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង និងប្រតិភូ លោករដ្ឋមន្រ្ដី បានអញ្ជេីញត្រួតទៅពិនិត្យ ការដ្ឋានស្ថាបនាផ្លូវ របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងអាកាសធាតុ ។
ខ្សែផ្លូវទាំង ២ខ្សែនោះរួមមាន ៖
ខ្សែផ្លូវទី១ ៖ (ភូមិក្ដឿងរាយ ទៅសាលាស្រុកកញ្រ្ជៀច) មានប្រវែង ៧,២៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែមុខ ស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច)។ ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវក្រាលបេតុង កម្រាស់២០សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ ៨ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍ ៦ម៉ែត្រ និងចឹញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។
ខ្សែផ្លូវទី២ ៖ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង ១០,៤៣គីឡូម៉ែត្រ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុង កម្រាស់ ១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អុិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបានប្រមាណ៩០% ។
ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរ គឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ៕