ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា នឹងបន្តអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើមន្រ្តីនគរបាល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់ ។

ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅខេត្តស្ទឹងត្រែង ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឲ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។

ថ្លែងដល់ការអនុវត្តវិធានការវិន័យ ក្នុងរយៈពេលប្រមាណជា៥ខែមកនេះដែលបានដកហូតតំណែងនគរបាលពាក់ព័ន្ធគ្រឿងញៀនជិត១០០នាក់នោះ លោកឧបនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា «៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។

គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ។ ឈរលើអភិក្រមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឲ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់ដំបូន្មានដល់សិស្សនាយនគរបាល នាយនគរបាលរងដែលបញ្ចប់ការសិក្សា នៅសាលានគរបាលជាតិភូមិភាគ១ ត្រូវមានស្មារតីម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដើមចេញពីខ្លួនឯងជាមុន ពីព្រោះប្រសិនបើកងកម្លាំងណាម្នាក់ផុងខ្លួនប្រើប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងសង្គម ក្រសួងនឹងសម្រេចបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ៕

To Top