ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការ យុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ការងារឱ្យបានជាអតិបរមា ស្របទៅតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី៥-កម្មវិធីទី៣ ៖ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខសង្គម ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករ គន្លឹះរបស់ បេឡាជាតិសន្តិសុខសសង្គម (ប.ស.ស.) បានលើកឡើងពី ការពង្រឹងការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់សុខុមាលភាព ការបង្ការហានិភ័យការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ ។
ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់នូវសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងមួយឆ្នាំត្រូវរៀបចំយ៉ាងតិច៩៦០វគ្គ និងមានអ្នកចូលរួមយ៉ាង តិចចំនួន១២៨ ០០០នាក់។

ដោយឡែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយ ធ្វើដំណើរសមរម្យសម្រាប់កម្មករ និយោជិត សំដៅលើកកម្ពស់ កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាព អ្នកបើកបរយានយន្តដឹកកម្មករ និយោជិតជាប្រចាំ និងត្រូវសិក្សា ពីជម្រើស ក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែឆ្នៃ ដែលដឹកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧ ។
ក្រៅពីនេះរបាយការណ៍ ស្តីពីការតាមដានរថយន្តដឹកកម្មករនិយោជិត ប្រភេទដឹកទំនិញឱ្យមានការផ្លាស់ប្តូរ និងកែច្នៃកៅអីអង្គុយត្រឹមត្រូវ ត្រូវបានរៀបចំ៕
