ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាកម្មករក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ប្រមាណជិត១០០នាក់ដែលតវ៉ារឿងបើកប្រាក់ឈ្នួលបានចូលធ្វើការវិញហើយនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការចូលធ្វើការនេះក្រោយមានកិច្ចសម្របសម្រួលភ្លាមៗពីមន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅវេលាម៉ោង៥ ថ្ងៃទី១២ខែកុម្ភៈ ក្រុមហ៊ុនបានដោះស្រាយផ្ទេរប្រាក់ចូលគណនីវីង របស់កម្មករនិយោជិតចំនួន៩០នាក់ដែលក្រុមហ៊ុនបានជំពាក់តាមកាលកំណាត់រួចរាល់ដែលបានធ្វើឱ្យនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតទាំងអស់បានត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ នេះបើតាមរបាយការណ៍របស់មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញកម្មករនៃក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ដែលមានទីតាំងនៅភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ា ក្រុមហ៊ុនជំពាក់ប្រាក់ឈ្នួលកម្មករនិយោជិតចំនួន៩០នាក់ និងមានការដឹកម៉ាស៊ីនអូតូពន្លាលក្រណាត់មួយគ្រឿងចេញពីរោងចក្រដែលជាហេតុធ្វើឱ្យកម្មករជ្រួលច្របល់និងឈរតវ៉ានៅខាងក្រៅរោងចក្រ៕