ព័ត៌មានជាតិ

លោក ហេង សួរ លើកទឹកចិត្តឱ្យ “សាលាបាយ” ពិចារណាបង្កើន និងពង្រីក​ការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច ដល់ពលរដ្ឋកម្ពុជា

" "

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យនាយកសាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School) ដែលជាសាលាអង្គការ ទទួលជំនួយពីប្រទេសបារាំង បង្កើនការបណ្តុះបណ្តាលជំនាញ បដិសណ្ឋារកិច្ច ដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីនិងលោក រឺណូ ហ្វីស្យេ(Renaud Fichet) នាយកសាលាសណ្ឋាគារ សាលាបាយ និងសហការី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេល ដែលសាលាបាយមានកេរ្តិ៍ឈ្មោះ ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។

" "

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ ក្នុងការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសវិជ្ជាជីវៈ ក្នុងពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញ នូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ លោករដ្ឋមន្ត្រី បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែន ដែលអាចផ្តល់ឱកាសដល់សិក្ខាកាម អាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។

" "

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានជំរុញឱ្យ “សាលាបាយ”លើកកម្ពស់កម្មវិធី សិក្សារបស់ខ្លួនឱ្យដល់កម្រិត សញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស(Diploma) ដើម្បីបំពេញតម្រូវការចាំបាច់ នៃការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារកំពុងត្រូវការ ៕

To Top