ព័ត៌មានជាតិ

ការសិក្សាមួយបង្ហាញថា ការរួមភេទធ្លាក់ចុះ សម្រាប់ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ​ក្នុងចំណោមយុវវ័យ នៅរាជធានីភ្នំពេញ

 ភ្នំពេញ៖ ការិយាល័យនិពន្ធ មជ្ឈមណ្ឌលព័ត៌មានដើម មានកិត្តិយស សូមផ្សាយទាំងស្រុង នូវអត្ថបទសិក្សារបស់ លោកតុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ ដែលបានសិក្សាលើឥរិយាបថយុវវ័យនៅរាជធានីភ្នំពេញ ក្នុងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ២០២៤ ។

អត្ថបទនេះ មានខ្លឹមសារសង្ខេប​ ទាំងស្រុងដូចតទៅ៖

ស្នេហា និងទំនាក់ទំនងផ្លូវភេទ ១៥ឆ្នាំក្រោយមក ៖

បញ្ចប់ការ​សិក្សា​បែបបរិមាណវិស័យមួយ ដើម្បីពិនិត្យ​ឡើង​វិញ​ ​នូវ​បទពិសោធន៍ និងការរៀបចំផែនការរបស់យុវវ័យ ​ដែលមានទ្រព្យសម្បត្ដិបង្គួរ រស់នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ ឆ្នាំ២០០៩​ – ២០២៤

លោកតុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ

អ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ

រាជធានី​ភ្នំពេញ ខែកុម្ភៈ​ឆ្នាំ២០២៤

របាយការណ៍សង្ខេប

ការ​សិក្សា​នេះ​គឺ​ស្វែង​រក​នូវ​សំណួរ​ស្រាវជ្រាវ​ជាក់​លាក់​មួយ៖​ តើ​ផែនការ​អ្វី​ ​ដែល​យុវវ័យ​ដែល​មាន​ទ្រព្យ​​សម្បត្តិ​​បង្គួរ​នៅ​រាជធានីភ្នំពេញ​​មាន​​គម្រោង​រួម​ភេទ​​​ក្នុង​ការ​រួម​ភេទ​​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់​​​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ នេះ​?​ ការ​សិក្សា​ស្រាវជ្រាវ​នៅ​ពេល​នេះត្រូវ​បាន​រៀបចំ​ដើម្បី​​ធ្វើ​ការ​ពិនិត្យ​តាម​ដានបែប​បរិមាណ​វិស័យ​ ​ដើម្បី​ប្រៀប​ធៀប​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ចំនួន៣ ​កាល​ពី​​១៥ឆ្នាំមុននៅឆ្នាំ២០០៩ និងពី១០ឆ្នាំ​មុននៅឆ្នាំ២០១៤ និងនៅ៥ឆ្នាំមុននៅឆ្នាំ២០១៩។​ គម្រោង​ស្រាវជ្រាវ​​ក្នុង​កំឡុង​ពេល​​ណា​មួយ​កំណត់​​​ ​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​​ការ​សិក្សា​បែប​បរិមាណ​វិស័យ​​បែប​ពិព័ណ៌នា​ ​​​ក្នុងការជ្រើសរើសជាកម្រង និងកំណត់ទីតាំងជាក់លាក់សម្រាប់ជ្រើសរើសសំណាក ដើម្បីធ្វើការស្រាវជ្រាវទៅលើយុវវ័យដែលមានទ្រព្យសម្បតិ្តបង្គួរដែលមានអាយុពី ១៥ ទៅ២៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។​ ចំនួនយុវវ័យសរុបក្នុងការសិក្សាស្រាវជ្រាវគឺ១៤៦៩នាក់ ដែលត្រូវបែងចែកចេញជា៤ផ្នែកគឺយុវជនដែលមានគូរសង្សារ យុវជនដែលមិនមានគូរសង្សារ យុវនារីដែលមានគូរសង្សារ និងយុវនារីដែលមិនមានគូរសង្សារ និងចំនួនសរុបមានប្រុសចំនួន៦៦៤ (៤៥,២%) និងស្រីចំនួន៨០៥ (៥៤,៨%)។

លទ្ធផលពីការស្រាវជ្រាវឆ្នាំ២០២៤នេះ​ បានបង្ហាញពីការប្រៀបធៀបជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០០៩​ បង្ហាញថា​យុវវវ័យ​​មាន​ការ​ចាប់​អារម្មណ៍​​តិច​ជាង​មុនជិតពាក់កណ្តាល ​​ចំពោះ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ខាង​មុខ​នេះថា​ជា​ថ្ងៃ​ពិសេស​មួយ​​​(២០០៩​: ​៦១,២%​ ​ទល់​នឹង​​ ​២០២៤​: ៣៤,៤%)​​ ​​ ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​ដែល​មាន​គូរ​សង្សារ​​(២០០៩​: ​៨១%​ ​ទល់​នឹង​​ ​២០២៤: ៣៩,០%)​​។​ ​ភាគ​ច្រើន​នៃ​ពួក​គេ​មាន​ផែនការ​ចេញ​ក្រៅ​ដើរលេងនៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ដូចធម្មតា បន្តែមានការផ្លាស់ប្តូរគោលដៅដែលត្រូវទៅដែលពីមុនធ្លាប់ទៅលេងដូចជា ទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង ទៅគៀនស្វាយ ទៅកោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន(៣៨,៧%)នៃយុវវ័យផ្តល់សម្ភាសន៍សរុប។ កន្លែងទីតាំងថ្មីទាំង២នេះ គឺមាន  លក្ខណៈបែបវិជ្ជមានបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូម៉ង់ទិចដែលមានលក្ខណៈស្រើបស្រាលផ្លូវភេទតិចជាង។​

​ ​ការទិញវត្ថុអនុវស្សវរីយ៍កាដូឲ្យគ្នាសម្រាប់យុវវ័យមានគូរសង្សារ ក៏មានការធ្លាក់ចុះជាងពាក់​​កណ្តាលដែរ​​​​​​ (២០០៩​: ​៧៦.៦%​ ​ទល់​នឹង​​ ​២០២៤​: ៤២,៥%)​   ជាពិសេសការ​ឲ្យ​ផ្កាតែម្តងមានការធ្លាក់ចុះជាងគេ។​ ​ប៉ុន្តែ​និន្នាការ​យុវវ័យ​ដែល​មាន​គូរ​គឺ​មាន​ការ​កើន​ឡើង​នូវ​ការ​ទិញ​វត្ថុ​​ជា​កាដូរ​​ថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការ​ឲ្យ​មិត្ត​ស្រី និងមិត្តប្រុស​របស់​ពួក​គេទៅវិញ​។​ ​វា​មាន​ការ​ថយចុះគួរឱ្យកត់សម្គាល់ចំពោះ​យុវវ័យ​ដែល​​ធ្វើ​សកម្មភាព​រ៉ូមែនទិក​ ​ដូចជា​ ​​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ ​​និង​ពេល​ល្ងាច​ ​​និង​ទៅ​ក្លឹប​កម្សាន្ត​នានា​ ​នៅ​​ថ្ងៃនៃ​ក្តី​ស្រឡាញ់​​ ប្រៀបធៀប​ទៅនឹងការ​សិក្សា​ស្រាវជ្រាវ​លើក​មុនៗ។​

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺទំនាក់​ទំនង​ផ្លូវ​ភេទ​ក្នុង​ចំណោម​​យុវវ័យ​ ​ដែល​អាច​នឹង​រួម​ភេទ​នៅ​ថ្ងៃនៃ​​ក្តី​ស្រឡាញ់​ខាង​មុខ​នេះមានការធ្លាក់ចុះ​៥ដង ​បើ​​ប្រៀបធៀប​ជា​មួយ​​នឹង​ការ​​សិក្សា​កាលពី១៥ឆ្នាំមុន​​ ​​(២០០៩​: ​១២,៤​%​ ​ទល់​នឹង​​ ​២០២៤​: ២,២%)​​​​។​ ការដែលមាន​បំណងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់នេះ មានទំនាក់ទំនងគ្នាយ៉ាងជាក់លាក់គឺការដែលនិយមថ្ងៃនៃក្តីស្រឡាញ់នេះថា ជាថ្ងៃពិសេសសម្រាប់យុវវ័យនោះគឺមាននិន្នាការធ្លាក់ចុះជាងពាក់កណ្តាលធ្វើការប្រៀបធៀប កាលពីការសិក្សាស្រាវជ្រាវ១៥មុនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤។

​ទោះជាយ៉ាងណាក៏ដោយ របៀបដែលយុវជនមានបំណងបង្ខំមិត្តស្រីរបស់ពួកគេឱ្យរួមភេទជាមួយ ប្រសិនបើមិត្តស្រីមិនយល់ព្រម នៅតែមិនផ្លាស់ប្តូរចំនួនករណីទេបើគិតពីឆ្នាំ២០០៩ (១៧ករណីក្នុងឆ្នាំ២០០៩,​ n=២៥ ប្រៀបធៀបនឹងឆ្នាំ២០២៤  មាន១៦ករណីដែរ, n=២៥) ។ ​យ៉ាងហោចណាស់ ២៤ ភាគរយនៃយុវជនមានបំណងរួមភេទ(n=២៥) ដែលរំពឹងថានឹងមានការរួមភេទនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ មានបំណងទិញកាដូថ្លៃៗដើម្បីដាក់សម្ពាធលើមិត្តស្រីឬដៃគូរបស់ពួកគេ ហើយសមាមាត្រស្រដៀងគ្នានេះគ្រោងនឹងនាំ   ដៃគូ​​របស់ពួកគេចេញពីទីក្រុងដើម្បីគេងជាមួយ។​ ផ្ទុយ​ទៅ​វិញ មួយភាគបី(៣២.០%)នៃយុវជន​​បាន​បង្ហាញ​ថា​ពួក​គេ​នឹងរួមភេទ តែ​មិន​រួម​ភេទបើ​មិនមានការ​យល់​ព្រមពីដៃគូរបស់គាត់​ដោយ​បញ្ជាក់​ថា៖«ទេ! ខ្ញុំ​នឹង​មិន​អើពើ​នឹង​ការ​រួម​ភេទ ហើយ​​គ្រាន់​តែ ​ដើរ​លេងជាមួយគ្នា​ដើម្បី​សប្បាយ»។

          យ៉ាងណាមិញនៅមានកម្រិតទាបនៅឡើយ សម្រាប់ចំណេះដឹងរបស់ឪពុកម្តាយចំពោះបំណងរបស់កូនៗនៅថ្ងៃនៃក្តីស្រឡាញ់នេះ គឺមានប្រែប្រួលតិចតួចប៉ុណ្ណោះអស់រយៈពេលជាង១៥ឆ្នាំទៅហើយនោះ។ ការរកឃើញនៃការសិក្សានេះក៏បង្ហាញពីសមាមាត្រទាបនៃយុវវ័យដែលមានគម្រោងប្រើស្រោមអនាម័យជាមួយដៃគូរបស់ពួកគេ និងកង្វះចំណេះដឹងទូទៅទាក់ទងនឹងសិទ្ធិក្នុងការរួមភេទ។

ហេតុដូនេះហើយ ការអន្តរាគមន៍គួរតែផ្តោតលើការលើកកម្ពស់វប្បធម៌ខ្មែរ សិទ្ធិក្នុងការរួមភេទ ការយល់ព្រមផ្លូវភេទ និងការអប់រំការប្រើប្រាស់ស្រោមអនាម័យទៅតាមពេលវេលា មិនផ្តោតការយកចិត្តទុកដាក់តែថ្ងៃនៃក្តីស្រឡាញ់ប៉ុណ្ណោះទេ។ លើសពីនេះ មិនចាំបាច់បន្តការសិក្សានេះតទៅមុខទៀតឡើយ  ដែលស្តីពីស្នេហា និងទំនាក់ទំនងផ្លូវភេទ ក្នុងចំណោមយុវវ័យមានកម្រិតជីវភាពមធ្យម នៅថ្ងៃនៃក្តីស្រឡាញ់នៅរាជធានីភ្នំពេញ ដោយសារនិន្នាការដែលលេចឡើងក្នុងការស្រាវជ្រាវបច្ចុប្បន្ន បានចង្អុលបង្ហាញត្រឡប់ទៅភាពប្រក្រតីធម្មតានៃឱកាសនេះក្នុងចំណោមយុវវ័យដែលជាគោលដៅ៕

To Top