ព័ត៌មានជាតិ

សម្ដេចធិបតី សង្ឃឹមថា ការអនុវត្តកម្មវិធីកែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នឹងអនុវត្តដោយជោគជ័យ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នេះ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ។

នាឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានផ្តាំផ្ញើ និងជំរុញជាថ្មីម្ដងទៀតឲ្យ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់ មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤»។

សម្ដេចធិបតីបានថ្លែងថា «ខ្ញុំសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឲ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យឆ្លើយតប ទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ»។

សូមរំលឹកថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថីនៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» មួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពនៃ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ» ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនាពេលនោះ៕

To Top