ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទក្នុងមូលដ្ឋាន បើក្នុងករណីមានបន្តបើកថ្មីបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេចផងដែរ។
ការចេញបទបញ្ជានេះ បានធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រោយពីតារាកំប្លែងល្បីឈ្មោះ នាយគ្រឿន បានផ្សព្វផ្សាយនូវល្បែងអនឡាញ ឈ្មោះ “DIG88.COM” ក្នុងគោលបំណងទាក់ទាញពលរដ្ឋ ជាពិសេសយុវជនឲ្យចូលរួមលេងល្បែងស៊ីសងខុសច្បាប់ ដូចជាកាស៊ីណូ មាន់ជល់ និងបាញ់ត្រី ជាដើម នៅក្នុងប្រព័ន្ធ”DIG88.COM”នេះ ។ មួយថ្ងៃបន្ទាប់ពោលនាថ្ងៃ១២ កុម្ភៈ ក្រោយពីមានប្រតិកម្មពីពលរដ្ឋខ្មែរ នាយគ្រឿនក៏បានប្រកាសបញ្ចប់កុងត្រាឈប់ផ្សាយឲ្យក្រុមហ៊ុនល្បែងនេះទៀត ។
តាមរយៈសារសំឡេងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅ សម្តេចចេញបទបញ្ជារួចហើយ ឲ្យផ្អាកការចេញអាជ្ញាបណ្ណ ផ្តល់សិទ្ធិឲ្យមានការបើកល្បែង ផ្សងសំណាងនៅតាមមូលដ្ឋាន ។
ជាមួយគ្នានេះ សម្ដេចក៏បានឲ្យគណៈកម្មាធិការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយអាជ្ញាធររាជធានី-ខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែង ផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។
សម្ដេចគូសបញ្ជាក់ថា «ខ្ញុំសូមឲ្យឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ នូវការត្រួតពិនិត្យល្បែង ផ្សងសំណាង នៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការ ដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។
សម្ដេចបន្ដថា ពេលវេលានេះទៅមុខ គឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាងនិងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្ម នៅមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូល ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលា ដែលត្រូវយកចិត្តទុកដាក់ ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់ អនុញ្ញាតក៏ដោយ ៕