ព័ត៌មានជាតិ

ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ! មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយជាក្រុមហ៊ុន វីតាល់ រៀបចំកម្មវិធីទទួលឈាម ដោយស្ម័គ្រចិត្ត ពីសប្បុរសជននានា

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសហការជាមួយជាក្រុមហ៊ុន វីតាល់ និងមូលនីធិ២៥រៀល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំ ទទួល អំណោយឈាមដោយស្ម័គ្រចិត្ត ពីសប្បុរសជន ដោយមានការចូលរួមពីលោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី តំណាងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន One Fraternity (វីតាល់) ។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានកោតសសើរ ជូនចំពោះថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះយ៉ាងទៀតទាត់ និងរៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាសនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន! ។

លោកហេង វ៉ាន់សាក់ បន្ថែមថា ការជួបជុំរបស់យើងនាពេលនេះត្រូវបានរៀបចំឡើងយ៉ាងសប្បាយរីករាយ អធិកអធម ពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាព ដែលនេះបានផ្តល់នូវលក្ខណៈអំណោយផល ដល់ការ វិនិយោគ រកទទួលទាន ប្រកបដោយសុដុមរមនា និងវឌ្ឍនភាពល្អប្រសើរ។ ជាមួយគ្នានេះ យើងទាំងអស់ បានទទួលស្គាល់ និងចង់ចាំ ពុំដែលភ្លេចពីការចូលរួមបំពេញ បន្ថែមនូវស្តុកឈាមសុវត្ថិភាព ដើម្បីធានាដល់ការប្រើប្រាស់ ជាចាំបាច់របស់អ្នកជំងឺ និងអ្នកមានតម្រូវការឈាម ព្រោះយើងទាំងអស់គ្នាបានដឹងរួចមកហើយ ឈាមនៅតែពុំទាន់អាចផលិតបានដោយរោងចក្រនោះទេ ប្រភពតែមួយគត់ ដែលសុវត្ថិភាព និងមានប្រសិទ្ធភាព គឺការបរិច្ចាគដោយស្ម័គ្រចិត្ត ពីយើងទាំងអស់គ្នា ។

លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទាន សម្រាប់ជីវិត និងបានធ្វើសកម្មភាព គ្រប់បែបយ៉ាង (ដើម្បីលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិត ជនរងគ្រោះដោយក្ដី សប្បុរស) ដោយសារតែវិបត្ដិកូវីដ១៩ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល មានការអាក់ខានអស់រយៈពេល០៣ឆ្នាំ ក្នុងការរៀបចំទិវានៃក្ដីស្រលាញ់ ។

លោកបន្ដថា នៅឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំឡើងយ៉ាងស្រស់ស្អាត និងអធិកអធម ក្រោមប្រធានបទ« ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ » គឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ ដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់គាត់ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម។ ដើម្បីអំពាវនាវឲ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និង អន្តរជាតិ ចូលរួមចំណែកក្នុងភាពជាដៃគូ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញលើកកម្ពស់ ការបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត ។

លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល មានមោទនភាព ដោយមានការចូលរួមសហការ យ៉ាងសកម្មពីសំណាក់ដៃគូពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម អង្គការសុខភាពពិភពលោក ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសុខាភិបាល ក្លឹបនៃក្តីស្រលាញ់ ក្រុមហ៊ុន One Fraternity ទឹកបរិសុទ្ធវីតាល់ មីជាតិ ក្នុងការចូលរួមជាគំនិត យោបល់ និងសកម្មភាពដ៏ថ្លៃថ្លា នូវរាល់ពិធីបរិច្ចាគឈាម។ នេះឆ្លុះបញ្ចាំងអំពីចំណងសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនក្នុងសង្គមកម្ពុជា ។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរបស់សប្បុរសជនទាំងឡាយ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ហើយវាជាភារកិច្ចរបស់យើង និងដើម្បីប្រជាជនយើងទាំងអស់គ្នា។

លោករដ្ឋលេខាធិការ បានសម្ដែងនូវអំណរគុណ និងសូមកោតសរសើរ ចំពោះ ក្រុមហ៊ុន One Fraternity Co. LTD ក្នុងនាមជាវិស័យឯកជន ដែលតែងតែឧបត្ថម្ភគាំទ្រ និង កិច្ចសហប្រតិបត្ដិការល្អ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នូវគ្រប់កម្មវិធីបរិច្ចាគឈាម ។

លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ការបរិច្ចាគឈាមរបស់យើងទាំង អស់គ្នា មិនមែនគ្រាន់តែជាការចែករំលែកឈាម ១ ប្លោកទៅដល់មជ្ឈមណ្ឌល ជាតិផ្តល់ឈាមប៉ុណ្ណោះទេ តែលើសពីនេះ វាជាកាយវិការដ៏ប្រពៃ ជាវីរភាព និង ជាគំរូមួយដ៏សំខាន់ ដែលបានបង្កប់ និងពោរពេញទៅដោយអត្ថន័យដ៏ធំធេង សម្រាប់យើងទាំងអស់គ្នាក្នុងបុព្វហេតុលើកកម្ពស់សកម្មភាពសប្បុរសធម៌ និង មនុស្សធម៌នៅប្រទេសកម្ពុជា ព្រោះថាឈាមដែលបានបរិច្ចាគ បានជួយសង្គ្រោះ ជីវិតមនុស្សជាច្រើន ដែលស្ថិតក្នុងស្ថានភាពចាំបាច់ និងបន្ទាន់បំផុត។

លោកអនុប្រធានបន្ដថា ការចែក រំលែកឈាមរបស់យើង មានអត្ថន័យស្មើ នឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រឡាញ់ និងការរួមសុខ រួមទុក្ខ ជាមួយអ្នកដែលត្រូវការឈាម ជាចាំបាច់ដើម្បីសង្គ្រោះជីវិត និងបានសរបញ្ជាក់អំពីភាពគំរូរបស់ពលរដ្ឋ ដែលជាកោសិកា នៃសង្គមជាតិមួយ។ ដូច្នេះហើយបានជាសមាជិក សមាជិកា ស.ស.យ.ក តែងតែមានមោទនភាព ដែលបានចូលរួម បរិច្ចាគឈាមនាពេលកន្លងមក ។

គូរបញ្ជាក់ថា ព្រឹត្តិការណ៍ បរិច្ចាគឈាមក្នុងទិវានៃក្តីស្រលាញ់ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ឆ្នាំ២០២៤ ដែលជាការសហការរៀបចំ និងឧបត្ថម្ភទាំងស្រុង ពីក្រុមហ៊ុន វីតាល់ និងមូលនីធិ២៥រៀល ត្រូវបានរៀបចំឡើង ដោយស្តែងចេញពីគោលបំណង ក្នុងការជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ស្រទាប់វណ្ណៈ និងទិសទី រួមគ្នាផ្តល់អំណោយឈាម ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។
កិច្ចសហការរៀបចំ និង ឧបត្ថម្ភពីក្រុមហ៊ុន វីតាល់ ក្នុងព្រឹត្តិការណ៍ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ឆ្នាំ២០២៤ នេះទទួលបានការសាទរ ពីសាធារណៈជន ដែលជាប្រិយមិត្ត និងអ្នកប្រើប្រាស់ វីតាល់ ចំពោះការរួមចំណែកទទួលខុសត្រូវសង្គម តាមរយៈចែករំលែកប្រាក់ ចំណេញរបស់ខ្លួន ពីផលិតផលវីតាល់ គ្រប់ដប ចំនួន២៥រៀល សម្រាប់ជាបូរេប្រទានដល់ការអនុវត្តគម្រោង និងកិច្ចការនានា ដែលជាតម្រូវការ និងសេចក្តីត្រូវការរបស់សង្គម ។

វីតាល់សូមអំពាវនាវ ដល់សាធារណៈជន វិស័យឯកជន ស្ថាប័នឯកជន និងរដ្ឋ សូមបន្តចូលរួមគាំទ្រ ដល់យុទ្ធនាការបរិច្ចាគឈាម ក្នុងគ្រប់រូបភាព សម្រាប់ជាប្រយោជន៍ដល់ការសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ ។ វីតាល់ មោទនភាព ផលិតផលជាតិ ! ៕

To Top