ព័ត៌មានជាតិ

ខែមករា៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារជាង៣ពាន់នាក់

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះក្រសួងទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៣២៣៥នាក់ក្នុងខែមករា។

បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន២៤៤២នាក់និងជួយអ្នកស្វែងរកការងារទទួលបានការងារធ្វើបានចំនួន ៤៨៦នាក់ក្នុងពេញមួយខែមករា ឆ្នាំ២០២៤នេះ ខណៈមកទល់ខែកុម្ភៈនេះមានពលរដ្ឋយុវជន បានមកដាក់ពាក្យរកការងារធ្វើជាបន្តបន្ទាប់ហូរហែផងដែរ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធីជាច្រើនដើម្បីផ្តល់ព័ត៌មានអំពីឱកាសការងារទៅដល់ពលរដ្ឋក្នុងនោះដែរមានទាំងពិព័រណ៍ការងារសម្រាប់ដាក់បង្ហាញឱកាសការងារជូនសាធារណជន ថែមទាំងមានកម្មវិធីពិព័រណ៍ការងារចល័ត រៀបចំសិក្ខាសាលាស្តីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់សិស្សនិស្សិតនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យផងដែរ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱកាសការងារក្នុងស្រុកចំនួន មានចំនួន ៣៥ ០៧៤ កន្លែង នៅទូទាំងប្រទេស។ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ដើម្បីទទួលបានឱកាសការងារសមរម្យ និងព័ត៌មានទីផ្សារការងារ ។

To Top