ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យដំណើរការ អគារសម្ភពថ្មី នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាអនុប្រធានក្រុមប្រឹក្សាភិបាល មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃ១៤ កុម្ភៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ អគារសម្ភពថ្មី នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣)។

អគារសម្ភពថ្មី នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋាន សាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការ សេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រា មរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួល នូវអត្ថប្រយោជន៍សាច់ប្រាក់ ឧបត្ថម្ភអំពីគោល នយោបាយសមធម៌ និង គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អគារទាំងមូល ត្រូវបានសាងសង់ឡើង មានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃ សរុបចំនួនប្រមាណ១៥០០ម២ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ ដែលមានក្រឡាផ្ទៃ ប្រមាណ៥,៥ហិចតា ដែលចំណាយថវិកា សាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារ អាមេរិក សម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំ បាច់ជាបន្តបន្ទាប់។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រះបរមរាជានុញ្ញាតសំដែងអំណរព្រះគុណនិងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ថ្វាយករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ តែងតែយកព្រះទ័យ ទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួត និងគាំទ្រដល់ដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផា ទាំងមូលតាំងពីដើមរៀងមក ។

ជាមួយគ្នានេះ សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងផងដែរថា «សមិទ្ធផលថ្ងៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ ដូចខាងក្រោម
-បន្តថែរក្សាអគារ និងសម្ភារបរិក្ខារ វេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាម រៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឲ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារ អ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ
-បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍ បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត
-ត្រូវបន្តចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត
-ចូលរួមរក្សា និងតម្កាល់លទ្ធផល ជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុកចិត្តពីសាធារណជន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅកម្ពុជា និង ក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរ ការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារ ព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត៕

To Top