ព័ត៌មានជាតិ

សម្តេចធិបតី៖ ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ កំពុងសស្រាក់សស្រាំ បូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋ

រូបភាពពី៖​ រូបភាព៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង​ ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាននិងកំពុងសស្រាក់សស្រាំ ក្នុងការបូមទឹកសង្គ្រោះស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ។

យោងតាមការបញ្ជាក់របស់សម្តេចធិបតី តាមបណ្តាញសង្គម នារសៀលថ្ងៃទី១៤ កុម្ភៈនេះ បានឲ្យដឹងថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង​ ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។

សម្តេចបន្តថា ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះ មួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ ។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជា ដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍ សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍ លើបញ្ហាប្រភពទឹកឱ្យបាន ។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំ ក្នុងការបូមទឹកសង្គ្រោះស្រូវ របស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប,សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាព នៅជនបទ ៕

To Top