ព័ត៌មានជាតិ

សម្ដេចធិបតី ៖ អ្នកដែលលូតលាស់លឿន និងជោគជ័យ គឺចេះរៀនពីខ្លួនឯង

" "

ភ្នំពេញ ៖ ថ្លែងចំពោះមុខសិស្ស-និស្សិត រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកដែលលូតលាស់លឿន និងជោគជ័យ គឺចេះរៀនពីខ្លួនឯង ព្រមទាំងរៀនពីកំហុសខ្លួនឯង ហើយចាំយកអ្វីដែលខ្លួនឯងជាចំណុចខ្សោយមកសិក្សាបន្ថែម ដើម្បីកែលំអរ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បានណែនាំដល់និស្សិតដែលទទួលបានជ័យលាភីនាពេលនេះ ក៏ដូចជាសិស្ស-និស្សិតដទៃទៀត ត្រូវបន្តការរៀនសូត្របន្ថែមទៀត ដោយត្រូវរៀនពីគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯងផងដែរ។ ការរៀនពីខ្លួនឯង គឺពិតជាមានសារៈសំខាន់ខ្លាំង។

" "

សម្ដេចមានប្រសាសន៍ថា «រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការឲ្យខ្ញុំរាប់រយនាក់ គ្រប់វិស័យ អ្នកដែលលូតលឿន ជោគជ័យ គឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង ចាំយកពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយ ហើយខិតខំស្រាវជ្រាវ កែសម្រួល»។

" "

សម្ដេចនាយករដ្ឋមន្ត្រីបន្ដថា បើបុគ្គលម្នាក់ៗ មិនមានឆន្ទៈ និងគ្មានការទទួលស្គាល់នូវចំណុចខ្សោយខ្លួនឯងទេ ទោះបីជាមានអ្នកបង្រៀនដល់ណាក៏ដោយ ក៏បុគ្គលនោះមិនចេះដែរ។ ដូច្នេះ ដើម្បីភាពលូតលាស់ និងជោគជ័យ គឺបុគ្គលម្នាក់ៗ ត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត ត្រង់ផ្នែកណាមួយ ហើយកែតម្រូវ និងរៀនសូត្រ ព្រមទាំងលើកទឹកចិត្តខ្លួនឯងផងដែរ៕

To Top