ព័ត៌មានជាតិ

សម្ដេចធិបតី៖ កម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មក្នុងពិភពលោក, កម្ពុជាត្រូវមានការប្រកួតប្រជែង

រូបភាព៖ ម៉ៅ ដារ៉ាត
" "

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាបានប្រកាន់ភ្ជាប់របបទីផ្សារសេរី និងសមាហរណកម្មក្នុងពិភពលោក ដូច្នេះកម្ពុជាត្រូវមានការប្រកួតប្រជែង ដោយមិនបានមកងាយស្រួលឡើយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ការកសាងធនធានមនុស្ស នាពេលបច្ចុប្បន្ននេះ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិនាថ្ងៃអនាគត។

" "

សម្ដេចបន្តថា «កម្ពុជា យើងប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មនៅក្នុងពិភពលោក យើងត្រូវប្រកួតប្រជែង គេអត់ឲ្យយើង Free យើងចូលទៅក្នុងការចរចាពាណិជ្ជកម្ម សេរី គឺលុបចោលនូវវិធានការ មួយចំនួនដើម្បីការពារខ្លួនយើង ការពារឧស្សាហកម្មផ្ទៃក្នុង ដើម្បីយើងប្រកួតប្រជែងស្មើភាពគ្នា ចឹងដើម្បីប្រកួតប្រជែងបាន យើងត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចយើង និងការប្រកួតប្រជែងបាន»។

" "

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា កម្ពុជាបានកសាងធនធានមនុស្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងទិសដៅទៅថ្ងៃអនាគត។ សម្ដេចថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺសំខាន់ដើម្បីអាចប្រកួតប្រជែង ជាមួយពិភពលោក។

សម្ដេចក៏បានបន្ថែមទៀតថា កម្ពុជាបានដាក់ទិសដៅខ្ពស់ ដើម្បីខិតខំធ្វើយ៉ាងណាឲ្យ សម្រេចមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

To Top