ព័ត៌មានជាតិ

៥ខែចុងក្រោយ សមត្ថកិច្ចបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ជាង៤០០ករណី ឃាត់ខ្លួនជាង៩០០នាក់

ភ្នំពេញ ៖ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែង ស៊ីសងសរុបចំនួន៤២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩១២នាក់ ស្រី៤០៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បន្តថា សមត្ថកិច្ចនគរបាល បានអនុវត្តវិធានការច្បាប់ ពោលគឺកសាងសំណុំរឿងចំនួន៥៨ករណី ដែលមានជនសង្ស័យ ចំនួន២៣៧នាក់ ស្រី៦៣នាក់ ភ្ជាប់ជាមួយម៉ូតូ២៤២គ្រឿង ទូរស័ព្ទ១០៩គ្រឿង និងវត្ថុតាងផ្សេងៗទៀត បញ្ជូនទៅកាន់តុលាការចាត់នីតិវិធី ចោទប្រកាន់ផ្ដន្ទាទោស ។ អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ថា ក្រៅពីនេះ ចំនួន៣៦៩ករណី ដែលមានអ្នកពាក់ព័ន្ធ ចំនួន៦៧៥នាក់ ស្រី៣៤១នាក់ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ សកម្មមិនឲ្យប្រព្រឹត្តតទៅទៀត៕

To Top