ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្តេជ្ញាថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាក មួយចំនួនយ៉ាងណាក្តី ។

ការប្តេជ្ញារបស់លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ខាងលើកនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ ។

ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាព គុណភាពការងារ គ្រប់កងឯកភាព ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រង ដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាល ឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណា សម្រួលភាពស្មុគស្មាញ នៃការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ ។

ជាមួយគ្នានេះ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលរបស់ គ្រប់កងឯកភាព ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលបានដាក់ចេញ និងបានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងទ័ពជើងគោក បន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿន ដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព ៕



