ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវចាប់ប្រាំង លើការវាយតម្លៃឡើងវិញ នូវតួនាទីភារកិច្ច និងការវិភាគមុខងារ របស់ក្រសួងព័ត៌មាន ដើម្បីរៀបចំកិច្ចការងារ និងទិសដៅសំខាន់ៗ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ នេះបើយោងការចេញផ្សាយ របស់គេហទំព័រក្រសួងព័ត៌មាន ។
ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន និងលើកទិសដៅ អនុវត្តន៍ការងារបន្ត នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងកិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ នីតិកម្មក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន ដែលជាក្រសួងបច្ចេកទេស យុទ្ធសាស្រ្ត និងនយោបាយ ផងដែរនោះ ត្រូវតែធ្វើការកែទម្រង់ រៀបចំកិច្ចការងារ និងទិសដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងការរៀបចំរចនាសម្ព័ន្ធឱ្យបានល្អរឹង។
លោករដ្ឋមន្ត្រី បានរម្លឹកថា ក្រសួងព័ត៌មាន បានបង្កើតឡើង កាលពីឆ្នាំ១៩៩៣ ហើយនៅឆ្នាំ១៩៩៥ មានច្បាប់ស្តីពីរបបសារព័ត៌មាន។
លោករដ្ឋមន្រ្តី បន្តលើកឡើងពីដំណើរការវិវឌ្ឍន៍ថ្មីៗ របស់ក្រសួងព័ត៌មាន នៅដើមអាណត្តិទី ៧ ក្នុងរយៈពេលជាង ៥ខែកន្លងមកនេះ បានដាក់ចុះនូវការដ្ឋាន កំណែទម្រង់ស៊ីជម្រៅ នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗ ឲ្យចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើការងារព័ត៌មាន។
លោកបានបន្ដទៀតថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាទិសដៅយុទ្ធសាស្រ្ត លើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័នក្រសួងព័ត៌មាន ត្រូវធ្វើឱ្យបានស៊ីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាព ត្រូវផ្ដល់ការលើកទឹកចិត្ត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន បាននិងកំពុងខិតខំ រៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានា នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាន និងកំពុងដើរតួនាទី ជាប្រភពព័ត៌មានសំខាន់ សម្រាប់សាធារណជន។
លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និង ជាចំណែកនៃការធានា នូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
លោករដ្ឋមន្រ្ដី បានអះអាងថា ប្រសិទ្ធភាពស្ថាប័នក្នុងក្របខណ្ឌ នៃការធ្វើទំនើបកម្មស្ថាប័ន គឺដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕