ព័ត៌មានជាតិ

ខណ:បិទល្បែងផ្សងសំណាង ៤០៦ទីតាំង អភិបាលខេត្តកំពង់ចាម ណែនាំឲ្យអភិបាលក្រុង ស្រុក តាមដានជាប្រចាំ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា បន្ទាប់ពីមានបទបញ្ជា ពីសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបិទល្បែងផ្សងសំណាង រដ្ឋបាលខេត្តកំពង់ចាម បានបិទល្បែងឆ្នោតផ្សងសំណាងសរុបចំនួន ៤០៦ ទីតាំង ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅពេលដែលទទួលបានបទបញ្ជាចុងក្រោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបិទទីតាំងល្បែងផ្សងសំណាងបាន ២២៤ ទីតាំង នៅរសៀលថ្ងៃទី ១៤ ខែគុម្ភ: និង នៅថ្ងៃទី ១៥ ខែកុម្ភៈ រដ្ឋបាលខេត្តបានបន្តបិទបានចំនួន ១៨២ ទីតាំងទៀត សរុបទាំងអស់គឺ ៤០៦ ទីតាំងត្រូវបានបិទ ដោយក្នុងនោះមានទីតាំងមួយចំនួន បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ ។

ទន្ទឹមនិងលទ្ធផលនៃប្រតិបត្តិការខាងលើនោះ អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំដល់គណៈអភិបាល ក្រុង ស្រុក ឲ្យតាមដានមើលជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាពមួយខែម្ដង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះ នូវទីតាំងដែលបានបិទ និងទីតាំងដែលបានបើកថ្មី ។

ដោយឡែកក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុង ស្រុក ទាំងអស់ ជួយតាមដានស្ថានភាពទឹក ដើម្បីស្រោចស្របដំណាំស្រូវប្រាំង របស់ប្រជាពលរដ្ឋ ជាពិសេស ដូចជា ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ សូមតាមដានជាប្រចាំ ប្រសិនបើមានបញ្ហា សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីមានវិធានការអន្តរាគមន៍ទាន់ពេលវេលា ៕

To Top