ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជាង៨២ម៉ឺនដុល្លារ សម្រាប់បោសសម្អាតមីន សង់អគារបឋមសិក្សា និងកែលម្អប្រតិបត្តិការកសិកម្មនៅកម្ពុជា

" "

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៨២៨,៥៤៦ ដុល្លារដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី១៥ កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងបី។

គម្រោងចំនួន៣ ដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកានោះ រួមមាន៖ ១.គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួនបីស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា (ថវិកាចំនួន ៥១៥,០៦០ ដុល្លារ) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត (AI)។

" "

២.គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង (ថវិកាចំនួន ៨៨,៩០០ ដុល្លារ)ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្នុងគម្រោងនេះអគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។

" "

៣.គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី (ថវិកាចំនួន ១៥,០៦០ ដុល្លារ)ស្ថាប័នទទួលជំនួយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជា តម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្ម ចំនួន៤ ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាប ក្នុងរដូវប្រមូលផល ដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត។

សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៩លានដុល្លារដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១គម្រោង នៅទូទាំងកម្ពុជា៕

To Top