ព័ត៌មានជាតិ

លោក​ ថោ ជេដ្ឋា​ អញ្ជើញចុះអន្តរាគមន៍សង្រ្គោះ​ស្រូវប្រាំងប្រជាពលរដ្ឋដែលប្រឈមខ្វះទឹក ក្នុងភូមិសាស្ត្រខេត្តតាកែវ​

ខេត្ត​តាកែវ​, នៅព្រឹកថ្ងៃ​សុក្រ​ ៧កើត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័​ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ លោក​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អមដំណើរ​ដោយ​ឯកឧត្តម​​រដ្ឋលេខាធិការប្រចាំការ​​ រួមជាមួយ​​លោក​​ អ៊ូច ភា​ អភិបាល​ នៃគណៈអភិបាលខេត្តតាកែវ​ មន្ត្រី​ជំនាញ​ក្រសួង​ និងប្រធាន​​​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​តាកែវ​ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ​​បាន​អញ្ជើញ​​​​​​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំងបងប្អូន​ប្រជាកសិករ​ដែលកំពុងប្រឈម​ខ្វះទឹក​ នៅ​​ស្រុក​ព្រៃកប្បាស និង​ស្រុក​សំរោង​ ក្នុង​ខេត្តតាកែវ។​

ក្នុងឱកាសនោះ លោក​បានអញ្ជើញដឹកនាំក្រុមការងារ​​ចុះពិនិត្យវឌ្ឍនភាព​នៃការកាយប្រឡាយ​​បញ្ជូនទឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់បង​ប្អូនប្រជាកសិករ​ ក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោងដែល​មាន​​ប្រវែង​សរុប​​ប្រមាណ​ ​​៥គីឡូម៉ែត្រ និង​បានអញ្ជើញ​ជួបសំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយបង​ប្អូន​ប្រជា​កសិករ​ដែល​ធ្វើស្រែប្រាំងក្នុងតំបន់ខាងលើ​​​។​

សូមជម្រាបថា​ ផ្ទៃដីស្រូវប្រាំងបងប្អូនប្រជាកសិករ​​ប្រមាណ​ ១២០០ ហិកតា​​ ស្ថិត​ក្នុងឃុំកំពែង ស្រុក​ព្រៃ​កប្បាស និងក្នុងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្ត​តាកែវ​ ​បាន​ជួប​បញ្ហា​ប្រឈម​ខ្វះ​ទឹក​​ស្រោចស្រព​។​

ជាកិច្ចអន្តរាគមន៍​ ឯកឧត្តម​រដ្ឋមន្ត្រីបាន​បញ្ជាក់ថា​ ​ក្រសួង និង​មន្ទីរ​ធនធានទឹក​ ​និង​ឧតុនិយមខេត្ត​​តាកែវ​ ដោយមានកិច្ចសហការជាមួយអាជ្ញាធរ​ខេត្ត​ អាជ្ញាធរស្រុក​ និង​ឃុំ​ បានសម្រេច​​​​កាយផ្លូវវាងក្រោមស្ពាន​ចេញ​​(ដោយស្ពានបានសាងសង់រួចហើយ) នៅចំណុច​ស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី​ កាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន​​ ២គ្រឿង​បំពាក់លើសាឡង់​ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី និង​កាយប្រឡាយបញ្ជូនទឹក​ប្រវែងសរុប​ប្រមាណ​៥គីឡូម៉ែត្រ ​ស្ថិត​ក្នុងឃុំកំពែង ឃុំពន្លៃ និងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស និងស្ថិតក្នុងឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្ត​តាកែវ​ ដោយប្រើអេស្កាវ៉ាទ័រចំនួន​៤គ្រឿង​។​

លោក​ មានប្រសាសន៍ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ​​វឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូន​ទឹក​ដែល​ចាប់​​ផ្តើម​ពីថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ​២០២៤​ សម្រេច​​បាន​​ ៣៥០០ម៉ែត្រ​ និងការកាយប្រឡាយ​៨៧​ ដើម្បី​សម្រួល​​​ផ្លូវទឹក​ពីស្ទឹងអង្គរ​បុរីសម្រេចបាន​​១០០%។​ ជាលទ្ធផល​ក្រុម​ការងារអន្តរាគមន៍បាន​ជួយ​សង្គ្រោះ​​ស្រូ​វប្រាំង​ប្រជា​កសិករ​ក្នុង​ស្រុកព្រៃកប្បាស​ប្រមាណ​​ ៥៨០​​ហិកតា​ និង​ស្រុក​សំរោង​ប្រមាណ​ ៦២០ ហិកតា​។​

ក្នុងឱកាសនោះដែរ​ តំណាង​បងប្អូនប្រជាកសិករដែលបង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ស្រុកព្រៃកប្បាស និង​ស្រុកសំរោង​ ខេត្តតាកែវ​​​បានសម្តែងនូវ​ក្តីរីករាយ​ និង​សូមថ្លែងអំណរគុណ​ដល់​សម្តេច​​​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានយកចិត្តទុកដាក់​ក្នុងការជួយដោះស្រាយ​ និងរកគ្រប់មធ្យោបាយ​សង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលប្រឈមការខ្វះទឹក​ស្រោចស្រព​។ ជាមួយគ្នា​នេះ​ក៏ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​​​ដែលបានចុះអន្តរាគមន៍ដោយផ្ទាល់បញ្ជូនគ្រឿងចក្រចុះ​កាយប្រឡាយ និង​ស្តារ​ផ្លូវទឹក​​រហូតទទួលបានជោគជ័យ។​

ជាចុងក្រោយ​ លោក​ បានមានប្រសាសន៍ស្នើឱ្យមន្ទីរធនធានទឹក​ ​និង​ឧតុនិយមខេត្តតាកែវ​​​​ពន្លឿន​ការជីក​ប្រឡាយ​បញ្ជូនទឹកឱ្យដល់គោលដៅ​ ដោយ​​​សហការជាមួយអាជ្ញាធរ​ដែនដី​​​ក្នុងការអន្តរាគមន៍​បញ្ជូន​​ទឹក​​​​​បម្រើ​ដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹក​​​ និងបាន​​ស្នើឱ្យ​លោក​ប្រធាន​​​នាយកដ្ឋានវិស្វកម្ម​នៃក្រសួងធនធានទឹក និង​ឧតុនិយម​សិក្សា​ ដើម្បី​​កាយមុខប្រឡាយឱ្យបានធំ​៕​

To Top