ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការ រថយន្តក្រុងសាធារណៈ ចូលដល់សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការ ខ្សែរថយន្តក្រុងសាធារណៈ ចូលដល់សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ខណៈតម្រាយផ្លូវនេះ ចេញពីចំណតគោលដៅវត្តភ្នំ តាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលមានទីតាំង នៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញបាន បញ្ជាក់ថា ដោយអនុវត្តន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការដឹកផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ រៀបចំនៅតម្រាយខ្សែរត់ ដើម្បីសម្រួលដល់និស្សិត ដែលកំពុងសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរ អាចទទួលបាន នៅសេវារថយន្តក្រុងសាធារណៈ រាជធានីភ្នំពេញនេះ ធ្វើដំណើរបាន ។

លោក កែវ ចាន់ណារិទ្ធ លើកឡើងថា អាជ្ញាធរបានប្រើប្រាស់ តម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅ សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់ នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្ស រហូតឈានទៅចំណតចុងក្រោយ ម្តុំសកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េត រហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរ ឈានទៅកាន់សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើម ម៉ោង៥កន្លះព្រឹក ក្នុងរយៈ១៥នាទីចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀល រហូតដល់៨កន្លះយប់។

លោកបានបញ្ជាក់ថា ការបន្ថែមតម្រាយផ្លូវ២ខ្សែខាងលើនេះ គឺអាចសម្រួលច្រើន ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិត ដែលសិក្សានៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង អាចប្រើរថយន្តក្រុងសាធារណៈ៕

To Top