ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឆ្លៀតពេលវេលាអញ្ជេីញចូលរួមទស្សនា ផលិតផល ក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតង និងអាហារ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំឡើង ដោយសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម សហការជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងដំណើរទស្សនាពិព័រណ៍ កសិកម្មវាលបៃតង និងអាហារ ខាងលើនេះ លោកបណ្ឌិត កៅ ថាច បានចូលរួមទស្សនា និងសំណេះសំណាល នៅតាមស្តង់បន្លែសុវត្ថិភាព ដែលបានដាំដុះ ដោយប្រជាកសិករ និងសហគន៍កសិកម្ម, ស្តង់បង្ហាញពីការចិញ្ចឹមសត្វ, ស្តង់បង្ហាញពីការកែច្នៃចំណីអាហារ ព្រមទាំងស្តង់ដាក់បង្ហាញអំពីផលិតផលស្រូវ-អង្ករកម្ពុជា ផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានកោតសរសើរអំពីផលិតផល ដែលបានដាំដុះដោយប្រជាកសិករ និងបានបង្ហាញ អំពីការបន្តគាំទ្រដល់ប្រជាកសិករ, សហគមន៍កសិកម្ម, និងសហគ្រាសកែច្នៃក្នុងវិស័យកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ៕