ភ្នំពេញ៖ លោក ឥន សុផល ដែលជាអ្នកនិពន្ធសៀវភៅជើងចាស់ម្នាក់ បានផ្ដល់ជាទស្សនៈចំនួន៣ចំណុចជុំវិញករណីចាប់ល្បឿនចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ។ ការបង្ហាញនូវទស្សនៈនេះ ធ្វើឡើង បន្ទាប់ពីមានការវែកញែកគ្នាជាច្រើន ជុំវិញករណីនេះ។
តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឥន សុផល បានលើកឡើងជាទស្សនៈចំនួន៣ ដូចខាងក្រោម៖
១/ សូមដាក់ស្លាកសញ្ញាធំៗថា “តំបន់នេះ មានកាមេរ៉ាចាប់ល្បឿន” !
២/ កាមេរ៉ា ចាប់ល្បឿនគេដាក់តែនៅតាមទីប្រជុំជន ឬកន្លែងសាលារៀនទេពូ ! គេមិនដែលដាក់នៅកណ្តាលវាលល្វឹងល្វើយចឹងទេ !
៣/ សូមពូដាក់កាមេរ៉ា ចាប់ល្បឿនអូតូ (Smart Camera) ទៅកុំឱ្យរំខានប៉ូលីស ! ចេញតែប័ណ្ណពិន័យឱ្យគេបង់តាម ABA ឬ Bank ណាមួយក៏បាន ក្នុងរយៈពេល៣០ថ្ងៃ គឺងាយស្រួលជាង ! ។
ក្រឡេកមកមើល ស្នងការខេត្តកំពត ដែលមួយរយៈពេលចុងក្រោយនេះ បានបង្ហាញនូវគោលដៅ ក៏ដូចជាកាលបរិច្ឆេទជាមុន ក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការសាទរជាច្រើនពីប្រជាពលរដ្ឋ។ ជាមួយនឹងការសាទរក៏មានការបញ្ចេញមតិយោបល់ ក្នុងន័យស្ថាបនា ជាច្រើនផងដែរជុំវិញបញ្ហាខាងលើនេះ។
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តកំពត ក៏បានទទួលយកនូវសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងជាទស្សនៈ ឱ្យមានការពង្រីកស្លាកសញ្ញាកំណត់ល្បឿន ឱ្យបានធំ នៅតាមតំបន់មានកាមេរ៉ាចាប់ល្បឿន។
ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើន ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ ស្នងការបានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50mគុណ1,50m ចំនួនបីផ្ទាំង ចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូក រហូតដល់ក្លោងទ្វារ ចូលក្រុងកំពត ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញ។
ក្នុងនោះស្នងការនគរបាលខេត្តកំពត ក៏បានបង្ហាញនូវ គំរូស្លាកសញ្ញាដែលបានរៀបចំ ហើយនឹងរៀបចំយកទៅដំឡើង នៅតាមគោលដៅដែលបានគ្រោងទុក។
ចំពោះការចុះបាញ់ល្បឿនក៏ ស្នងការនគរបាលខេត្តកំពត អះអាងថា នៅតែបន្តប្រាប់អ្នកធ្វើដំណើរមុនមួយថ្ងៃដដែល ហើយសង្ឃឹមថាអ្នកធ្វើដំណើរ នឹងចូលរួមគោរពច្បាប់ចរាចរណ៏ ទាំងអស់គ្នា៕