ព័ត៌មានជាតិ

អ្នកវិភាគ៖ អនុសាសន៍ សម្តេចធិបតី ឱ្យក្រសួងការងារ ពង្រឹងនិងពង្រីកវិសាលភាព ប.ស.ស ជារឿងដ៏មានសារសំខាន់បំផុត!

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត ឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្ត បានយ៉ាងជោគជ័យ ។

សម្រាប់អនុសាសន៍ណែ នាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិ សុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាព នៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), ការពិនិត្យការរៀបចំក្រប ខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម ដល់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និង ការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខ សង្គមផ្នែកប្រាក់សោធន សំដៅអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមពីប្រទេស មួយទៅប្រទេសមួយ។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម-នយោបាយនៅកម្ពុជាបានបញ្ជាក់ថា ជាអនុសាសន៍ណែ នាំដ៏មានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋ ដែលធ្វើការ នៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកន្លងមកពលរដ្ឋទាំងនេះ មិនទាន់មានយន្តការគាំពារ សង្គមណាមួយសម្រាប់ពួកគាត់នោះទេ ។

តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយ ដែលអាចឱ្យពលរដ្ឋធ្វើការ នៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួល បានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែលការណ៍នេះជារឿង គួរឱ្យសាទរខ្លាំងណាស់ ។

លោកបណ្ឌិតគិន ភា បានបន្ថែម ទៀតថា សម្រាប់របបសន្តិសុខសង្គមនេះគឺមានអត្ថប្រយោជន៍មហាសាលសម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមានការពង្រីក វិសាលភាព កាន់តែទូលំទូលាយថែមទៀតនោះ លោកគិតថានេះគឺជាការជួយជាក់ស្តែង ចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល ។

លោកបណ្ឌិតបញ្ជាក់ទៀតថា ដើម្បីសម្រេចនូវអនុសាសន៍ណែនាំ របស់សម្តេចធិបតី គឺចាំបាច់ត្រូវមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដើម្បីជាធាតុចូលធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិតគិន ភា ជឿជាក់ថា នៅពេលអនាគត របបសន្តិសុខសង្គមនេះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ៕

To Top