ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ។
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក នឹងត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទាន ពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕