ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យត្រៀមរថយន្ដក្រុងដឹកពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងថ្ងៃចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធររាជធានីភ្នំពេញ ត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយឥតគិតថ្លៃ។

នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាថ្ងៃ១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ អីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ ហើយកុំភ្លេចទឹកសុទ្ធថែមឲ្យគាត់ផង»។

ជារៀងរាល់ឆ្នាំឲ្យតែគ្រប់បុណ្យជាតិធំៗដូចជា ភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែររាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាសឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងរាប់រយគ្រឿង ដើម្បីដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរ ក៏ដូចជាទប់ស្កាត់ការដំឡើងថ្លៃឈ្នូល រថយន្តឯកជនផងដែរ ៕

To Top