ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន កំពុងគិតគូស្របតាមយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ជួយឲ្យប្រជាសហគមន៍ទាំងអស់ មានបានជាមុនសិន ទើបជួយឲ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិ ដោយខុសច្បាប់។
នាឱកាសអញ្ជើញ ពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នាពេលថ្មីៗនេះ រដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា ការអភិវឌ្ឍនានាបន្ថែមនៅទីនេះ ដើម្បីបំរើវិស័យទេសចរណ៍បៃតង និងផ្តល់ជំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃ របស់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មផ្សេង ដល់ភ្ញៀវទេសចរណ៍ និងបោះបង់ការងារខុសច្បាប់ ទាំងឡាយលើធនធានធម្មជាតិ ។
លោករដ្ឋមន្រ្តីបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឲ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា «ក្រសួងបរិស្ថានជួយ ដល់សហគមន៍នៅលើភ្នំគូលែន លើកស្ទួយ និងបង្ហាញពីជាតិ និយមរបស់ខ្មែរ តាមរយៈរៀបចំហេដ្ឋា រចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញ ឲ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឲ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិ ដ៏ល្អរបស់កម្ពុជាផងដែរ»។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ ឲ្យយកចិត្តទៅដាក់លើការពារព្រៃធម្មជាតិ ដែលជាចលករយ៉ាងសំខាន់ សម្រាប់បង្កើនចំណូល ជីវភាព តាមរយៈការ ទាក់ទាញភ្ញៀវ ទេសចរណ៍និង និងជាពិសេសសម្រាប់ជួយកម្ពុជា សម្រេចទស្សនវិស័យអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រជាសហគមន៍ ដាំដើមឈើ និងចូលរួមថែរក្សា អនាម័យបរិស្ថាននៅ តាមគោលដៅទេសចរណ៍ធម្មជាតិនានា ស្របតាមចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» ដែលបានកំពុងទទួលបានការចូលរួម ពីមនុស្សជិត៥លាននាក់ ៕