ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ

ភ្នំពេញ៖មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានធ្វេីឡើង បន្ទាប់ពីរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ករណីនេះ បណ្តាលឲ្យមានសត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យង១ក្បាល កុកគ្រោងតូច១ក្បាល និងរអាតទន្សាយចំនួន១ក្បាល (មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ)។

អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះករណីបទល្មើធនធានធម្មជាតិខាងលើ។ ជាមួយគ្នានេះក្រសួងបរិស្ថាន មានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។
លោក ខ្វៃ អាទិត្យា បានស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រមទាំងស្នើឱ្យមានបញ្ឈប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចការបំពុល ការបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ដែលបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះនិងសុខភាពមនុស្សសត្វ ពោលគឺមិនត្រឹមតែប៉ះពាល់ដល់ការស្លាប់ សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា សត្វស្រុកផ្សេងទៀត ដែលផឹកទឹកនៃប្រភពបំពុល និងប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានការបំពុល គឺបានប៉ះពាល់ប្រភេទសត្វព្រៃរងគ្រោះ និងជិតផុតពូជនៅលើពិភពលោក ព្រមទាំងការបិភោគសាច់សត្វ បង្កឱ្យមានជំងឺ និងអាចជាសត្វដែលរងការបំពុលពីក្រុមជនល្មើសផងដែរ។

ចំពោះករណីបំពុលសត្វខាងលើ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថាមន្រ្តីជំនាញ បានធ្វើកំណត់ហេតុ និងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុក និងខេត្ត ដើម្បីសហការស្វែងរកចាប់ខ្លួន និងទប់ស្កាត់បទល្មើសរួចហើយ៕

To Top