ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ឲ្យក្រុមប្រឹក្សាអ្នកច្បាប់ ពង្រឹងវិជ្ជាជីវៈ និងច្បាប់ តាមរយៈការអនុវត្តការងារ

រូបភាព៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំដល់ក្រុមប្រឹក្សារអ្នកច្បាប់ ឲ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈ គោលការណ៍ច្បាប់ និងគុណភាពការងារ តាមរយៈការពង្រឹងការអនុវត្តការងារឲ្យបានឆាប់រហ័ស និងលើកកម្ពស់គុណភាព ។

ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអញ្ជើញបិទ សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់​ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់» ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការពង្រឹងវិជ្ជាជីវៈ និងច្បាប់នេះ ដើម្បីរួមចំណែកដល់ការគោរពនិងរក្សាឲ្យបាននូវគោលការណ៍សង្គតិភាព និងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ ដល់ការអនុវត្តគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្ត និងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាព នៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។

លោកថា លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សា ក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើងនៅងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំឥស្សរជនដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធន៍ ក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង តាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តនានា។

សម្រាប់លទ្ធផលការងារ នៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣៕

To Top