ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ (២០០៩-២០២៤) របស់ក្រុមហ៊ុនមិត្តហ្វ៊ូន នៃការបើកសម្ពោធបណ្តាញសេវា ក្រោមគំនិត “The Met’s Sonata” ។ ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រួយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ពិធីនេះក៏មានពីការចូលរួមពី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។ មិត្តហ្វូន និង Viettel Group ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌចំនួន៤ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ។ ការប្រារព្ធខួបលើកទី១៥ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញសារដែល មិត្តហ្វូនមាន នឹងនូវតែបន្ត ដើម្បីបង្កើតការរួមចំណែកដ៏មានតម្លៃដល់ប្រជាជន និងប្រទេសជាតិកម្ពុជា ដោយការលះបង់ចេញពីបេះដូង។
លោក កៅ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ អស់រយៈពេល១៥ ឆ្នាំចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ និងមានមោទនភាពក្នុងដំណើររបស់ខ្លួនក្នុងការបម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកដ៏ធំទូលាយ មិត្តហ្វូនបានឈានជើងចូលក្នុងការពង្រីកការគ្របដណ្តប់ទៅកាន់តំបន់ដាច់ស្រយាល ដែលអាចឱ្យប្រជាជននៅតំបន់ក្រខ្សត់ តំបន់ព្រំដែន និងតំបន់កោះអាចទទួលបានសេវាទូរគមនាគមន៍ក្នុងតម្លៃសមរម្យ។
សមិទ្ធផលនេះបានរួមចំណែកលើកកម្ពស់ស្ថានភាពសេវាទូរគមនាគមន៍នៅកម្ពុជា ស្របទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ដោយហេតុនេះជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិត្តហ្វូនបានចូលរួមវិភាគទានប្រមាណ ១៣០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដល់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ ចំណាត់ថ្នាក់ក្នុងចំណោមអ្នកបរិច្ចាគកំពូលទាំង៥ ។
លោក កៅ ម៉ាញ ដឹកបន្តថា មិត្តហ្វូននឹងបន្តដឹកនាំដំណើរផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្មដើម្បីបង្កើតសង្គមឌីជីថល ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបួន៖ ទូរគមនាគមន៍ (ទូរស័ព្ទចល័ត និងអ៊ីនធឺណិតអចល័ត) ដំណោះស្រាយព័ត៌មានវិទ្យា ហិរញ្ញវត្ថុឌីជីថល និងសេវាកម្មឌីជីថល។ មិត្តហ្វូន នាំមុខគេក្នុងការផ្លាស់ប្តូរទៅទិន្នន័យជាមួយនឹង ៩២.៥% នៃអតិថិជនរបស់ខ្លួនដែលប្រើប្រាស់សេវា 4G ដោយដាក់ក្នុងចំណោមអត្រាប្រើប្រាស់ទិន្នន័យខ្ពស់បំផុតនៅទូទាំងពិភពលោក។ កំណើននេះកើតចេញពីការប្ដេជ្ញាចិត្ត របស់មិត្តហ្វូនក្នុងការរក្សាការគ្របដណ្តប់សេវាទូលំទូលាយបំផុតដើម្បីទៅដល់ប្រជាជន ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ដំណើររយៈពេល ១៥ ឆ្នាំរបស់មិត្តហ្វូនបានកសាងទំនុកចិត្ត និងសុភមង្គលតាមរយៈភាពស្មោះត្រង់ និងគុណតម្លៃដែលមិត្តហ្វូនបាននាំយកមកកម្ពុជា។ ការជឿទុកចិត្តនេះ គឺជាកម្លាំងចលករជំរុញឱ្យក្រុមហ៊ុនកាន់តែខិតខំប្រឹងប្រែង ដើម្បីបង្កើតតម្លៃបន្ថែមទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីរំលឹកខួប១៥ឆ្នាំ នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Group ចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និង Viettel Group ផងដែរ។ លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន Viettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង។ នាថ្ងៃអនាគតនាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា
»។
សូមបញ្ជាក់ថា ក្នុងពិធីគម្រប់ខួបនេះមិត្តហ្វូនក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយគុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360គឺជាផ្នែកបន្ទាប់ដើម្បីបំពេញបន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន៕