ព័ត៌មានជាតិ

ផែនការប្រយុទ្ធប្រឆាំង គ្រឿងញៀនលើកទី៩ ! កម្ពុជា ប្តេជ្ញាខិតខំធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតឡើយ

ភ្នំពេញ៖ ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩របស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសប្តេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការក្នុងរយៈពេល៨ឆ្នាំ កន្លងមកអាជ្ញាធរបានបង្រ្កាបគ្រឿងញៀន គ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំចំនួនជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង ១២ម៉ឺននាក់។

តាមផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ ឆ្នាំ២០២៤ ដែលបានចែកជូនដល់អ្នកសារព័ត៌មាន ក្នុងឱកាសផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃ២០ កុម្ភៈ បានឲ្យដឹងថា ហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញឿន នៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង «ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ឆ្នាំ២០២៤» ដើម្បីការពារកិត្តិយស កិត្យានុភាព បញ្ចៀសឲ្យបាននូវភាពរងគ្រោះ ដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមាន ភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តៅនៅក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋដែលមានគោលការណ៍ និងវិធាការ ជាច្រើនដែលត្រូវប្តេជ្ញាចិត្តរួមគ្នាធ្វើ។

ក្នុងគោលការណ៍ជារួម អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបញ្ចៀសឲ្យបានមិនឲ្យ ប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញី បំផ្លិតបំផ្លាញសង្គមជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែង អនុវត្តឲ្យសម្រេចនូវការប្តេជ្ញាចិត្តថា «កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀនជាដើម»។

ក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំស្វែងរកគ្រប់ មធ្យោបាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្តឲ្យមានការចូលរួមច្រើនកុះករ ពីគ្រប់សមាសភាពនៃសង្គមសំដៅ បង្កើតបានជាកម្លាំងសុរប មធ្យោបាយសរុប វិធានការសរុប ជាពិសេសស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក«៣កុំ ១រាយការណ៍»។

ទន្ទឹមនឹងគ្នានេះដែរ អាជ្ញាធរប្តេជ្ញាជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ«ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព»ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់ទីកន្លែងដោយចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យក់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគញ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនជាដើម។

តាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបញ្ជាក់ថា លទ្ធផលនៃការ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ចំនួន ៨លើកកន្លងទៅ (២០១៧-២០២៣) កម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១២០.៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត៕

To Top