ភ្នំពេញ ៖ កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា ឲ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ជំហរនេះធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីឯក អារុន ប៊ែង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី នៅព្រឹកថ្ងៃទី២០ កុម្ភៈ នៅលើទឹកដីសិង្ហបុរី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការបន្តជំរុញ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សហប្រតិបត្តិការលើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។
ជាកិច្ចឆ្លើយតបឧត្តមនាវីឯក អារុន ប៊ែង បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការបន្តជំរុញកិច្ចសហប្រត្តិការ រវាងកងទ័ពប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរថែមទៀតទៅថ្ងៃអនាគត។
អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានគាំទ្រ និងដឹកនាំគណៈប្រតិភូប្រភេទទ័ព មកចូលរួមក្នុងកម្មវិធីតាំងពិពណ៌ (Singapore Airshow) ដែលរៀបចំដោយសិង្ហបុរី នាឱកាសនេះផងដែរ៕
