ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីបញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវលុបបំបាត់ និងបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀន នៅតាមមូលដ្ឋាន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវលុបបំបាត់ដោយធ្វើការបង្ក្រាបមេក្លោងបណ្ដាញចែកចាយគ្រឿងញៀននៅតាម ឃុំ-សង្កាត់។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ដ្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវចាត់វិធានការតឹងរឹង ម៉ឹងម៉ាត់ជាទីបំផុត ចំពោះករណីចែកគ្រឿងញៀន ក្នុងសហគមន៍។

សម្ដេចធិបតី បានកោតសរសើរចំពោះអគ្គស្នងការដ្ឋានគរបាលជាតិ ក៏ដូចជា គណៈបញ្ជាការឯកភាពរាជធានី កន្លងមក បានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ។
សម្ដេច ស្នើគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ ចំពោះទីតាំងឡាយណាដែលអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្ដាប់ឱ្យបានអត្ដសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់វិធានឱ្យដល់ឬសគល់។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការលុបបំបាត់ដោយត្រូវបង្ក្រាបមេក្លោងបណ្ដាញចែកចាយគ្រឿងញៀន នៅតាម ឃុំ-សង្កាត់ និងត្រូវសហការជាមួយ ឪពុកម្ដាយ អាណាព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមកទទួលការបន្សាប ព្យាបាល ទាំងនៅតាមមជ្ឈមណ្ឌលរដ្ឋ និងឯកជន»។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំ២០២៣ និងដើមឆ្នាំ ២០២៤នេះ កម្ពុជា នៅតែរងការប៉ះពាល់ពីការជួយដូរគ្រឿងញៀនខុសច្បាប់ពីសំណាក់ក្រុមជនឧក្រិដ្ឋ ខណៈបញ្ហាគ្រឿងញៀននេះក៏បានរីករាលដាលទៅដល់តំបន់ជនបទមួយចំនួនក្នុងប្រទេសកម្ពុជា។

សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននៅកម្ពុជា៕

To Top