ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងរៀបចំ Database សម្រាប់គ្រប់គ្រងព័ត៌មានមន្ត្រីរាជការដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌដោយសារជាប់ពាក់ព័ន្ធគ្រឿងញៀន សំដៅបិទផ្លូវមិនឱ្យមន្រ្តីទាំងនោះអាចចូលបម្រើការងារជាមន្ត្រីរាជការនៅក្នុងស្ថាប័នរដ្ឋណាមួយផ្សេងទៀតបានទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ថ្ងៃមុន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកនូវគំនិតផ្តួចផ្តើមមួយ ពិភាក្សាជាមួយឯកឧត្តម ទៀ សីហា ខ្ញុំឯកភាព បានឲ្យចារហើយ ឲ្យធ្វើទិន្ន័យមួយ (Database) ពិភាក្សាជាមួយក្រសួងការពារជាតិ ជាមួយមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបញ្ជីមួយ ចែករំលែកទិន្ន័យ អ្នកដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្រឿងញៀន និងកំហុសធ្ងន់ ត្រូវចែករំលែកទិន្ន័យនេះឲ្យដឹង កុំឲ្យដេញចេញពីមួយរត់ចូលមួយទៀត ដាក់ឲ្យជាប់តែម្តង”។
ក្នុងនោះ សម្តេចធិបតី ក៏បានបញ្ជាក់ពីផែនការទៅថ្ងៃមុខទៀតថា “ពិនិត្យជាមួយខាងក្រសួងយុត្តិធម៌ គិតគូរឥឡូវយើងគ្រាន់តែចែករំលែក ទិន្និន័យទេ ទៅមុខទៀតកំពុងគិតគូរក្រមវិធានការ ទៅខាងមុខ ដោយផ្អែកទៅលើគោលការណ៍ច្បាប់ គោលការណ៍សន្តិសុខជាតិ គោលការណ៍សន្តិសុខសង្គម គោលការណ៍សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ គិតគូរ ថាតើបើអ្នកទទួលអាហ្នឹងហើយ (គ្រឿងញៀន) ថាទៅបន្តទទួលទោសស្អីទៀត កុំឲ្យរួចតែខ្លួន”។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀន លើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តដូចគ្នា នឹងកងកម្លាំងប្រដាប់អាវុធ បើរកឃើញការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង៕