ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ កម្ពុជា និងចិន រួមគ្នាប្រឆាំងដាច់ខាតលើ «បុគ្គលណា» ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា

ភ្នំពេញ៖ ស្ថានទូនចិនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រាប់ឲ្យដឹងថា ស្ថានទូតបាននិងកំពុងគាំពាររក្សា នូវសិទ្ធិស្របច្បាប់របស់ជនរួមជាតិចិន រួមទាំង ជនរួមជាតិចិនតៃវ៉ាន់ដែរ ក៏ប៉ុន្តែ មិនការពារសកម្មភាពល្មើសច្បាប់នៅកម្ពុជា បង្កឡើងដោយជនជាតិចិន ជាដាច់ខាត។

ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេល១ថ្ងៃ ដែលស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្សាយដំណឹងតាមប្រព័ន្ធវីឆាតថា ថ្មីៗនេះ មានតារាអិនធឺណែតជនជាតិចិនតៃវ៉ាន់ពីរនាក់ បានថតផលិតវីដេអូប្រឌិត ប៉ះពាល់ដល់មុខមាត់ជាតិ នៃប្រទេសកម្ពុជា។

ស្ថានទូតបានឲ្យដឹងថា តុលាការកម្ពុជាបានសម្រេចកាត់ទោសជនទាំងពីរតាមច្បាប់។ ក្រោយហេតុការណ៍នេះ រដ្ឋបាលខេត្តព្រះសីហនុបានរាយការណ៍ស្ថានការណ៍ ជូនទៅការិយាល័យកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅខេត្តព្រះសីហនុ។ ស្ថានទូតចិនបានស្នើឱ្យភាគីកម្ពុជា ដោះស្រាយបញ្ហានេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិក្នុងមូលដ្ឋានការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ភាគីពាក់ព័ន្ធ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាសូមរំឭកជនរួមជាតិចិនទាំងអស់នៅកម្ពុជា ត្រូវតែគោរពច្បាប់បទបញ្ញត្តិក្នុងស្រុក គោរពប្រពៃណីទំនៀមទំលាប់ របស់ប្រជាជនក្នុងស្រុក ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ និង ការនិយាយស្ដី មិនត្រូវធ្វើសកម្មភាពល្មើសច្បាប់ ហើយនៅលើអិនធឺណែត ក៏ស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់ដែរ។

ជុំវិញរឿងនេះ សង្គមស៊ីវិលនៅកម្ពុជាលើកឡើងថា រៀងរហូតមក ទាំងរដ្ឋាភិបាល ទាំងប្រជាជនចិនតែងបានគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ដែលមានភាពយុត្តិធម៌ និងសក្តិសិទ្ធិភាព ព្រមទាំងបានផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងក្លាដល់ប្រជាជនកម្ពុជា ហើយបញ្ជាក់ថា ជនបរទេសបានយល់ច្បាស់ ពីតម្លៃរបស់ច្បាប់កម្ពុជា។ លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន កាន់តែរឹងមាំបន្ថែមទៀត ដែលបង្ហាញថា ភាគីទាំងពីររួមគ្នាទុបស្កាត់សកម្មភាពណា ដែលប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ៖ «ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស គឺជាពាក្យស្លោកដែលទាំងប្រជាជនកម្ពុជា ទាំងប្រជាជនចិន ទន្ទេញឡើងចាំមាត់ ព្រមទាំងយល់ច្បាស់ពីអត្ថន័យរបស់វា» លោកបន្តថា ចំណាត់ការតាមច្បាប់ លើករណីនេះ ក៏ជាការផ្ញើសាររំលេចឱ្យឃើញ ដែលមិនត្រឹមតែជាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើនការយល់ដឹងពីស្ថានភាពដ៏ល្អប្រសើររបស់ខេត្តព្រះសីហនុ ព្រមទាំង ចូលរួមពង្រឹងនិងពង្រីកថែមទៀតនូវចំណងទាក់ទងកាន់តែល្អប្រសើរ រវាងប្រជាជនកម្ពុជានិងប្រជាជនចិន ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ចិន កាន់តែច្រើន មកកាន់ខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា»៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top