ភ្នំពេញ ៖ អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី នៅថ្ងៃទី២១ កុម្ភៈ នេះ បានចេញសេចក្តីបំភ្លឺថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពុំមានការជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីនលាន ស៊ីធីរបស់ឧកញ៉ា ឡេង ចាន់ណា ឡើយ ។
ការចេញមកបំភ្លឺនេះ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេច ហ៊ុន ម៉ាណែត ដែលធ្វើឲ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ច្រើនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
ពាក់ព័ន្ធនឹងព័ត៌មានជាវីដេអូខ្លីៗមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានាខាងលើនេះ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានជា វីដេអូខ្លីៗទាំងនោះ ដែលជាប្រភេទព័ត៌មានគ្មានប្រភព និងគ្មានមូលដ្ឋានច្បាស់លាល់ដែលធ្វើឲ្យសាធារណជនទូទៅភាន់ច្រឡំ មកលើសម្តេចហ៊ុន ម៉ាណែត ។
លិខិតបញ្ជាក់ថា “ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប៊្រីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង ចាន់ណា នោះទេ”។
ជាមួយគ្នានេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីក៏បានគូសរំលេចពីប្រសាសន៍របស់សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា សម្តេចធិបតី មិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឲ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់បានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា ក្រុមហ៊ុន ប៊្រីនលាន ស៊ីធីរបស់ឧកញ៉ា ឡេង ចាន់ណា ត្រូវបានក្រុមប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធទៅនឹងការឆបោកប្រាក់ជាច្រើនម៉ឺនដុល្លារ ហើយក៏ត្រូវបានប្តឹងទារសំណងមកវិញពីសំណាក់ពលរដ្ឋរងគ្រោះផងដែរ ៕